(ភ្នំពេញ)៖ ក្រោយពីមានការរិះគន់ លើការដោះលែងជនសង្ស័យ ពីសំណាក់មន្រ្តីតុលាការ លើសំណុំរឿងស្ករត្នោតលាយគីមី និងមានប្រតិកម្មពីមន្រ្តីនគរបាលនាពេលថ្មីៗនេះរួចមក, ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយ ជាមួយកងកម្លាំងនគរបាលរបស់ខ្លួន លើការរឹតបន្តឹង និងត្រួតពិនិត្យនៃការកសាងសំណុំរឿង បញ្ជូនជនល្មើសទៅតុលាការ។ កិច្ចប្រជុំនោះមានការចូលរួមពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
នៅក្នុងកិច្ចប្រជុំនោះលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើង និងបកស្រាយផ្ទាល់មាត់ថា សំណុំរឿងកែឆ្នៃស្ករត្នោតលាយសារធាតុគីមី និងសំណុំរឿងស្តុបសារធាតុគីមី ត្រូវបានបែកចែកជាពីរ។ ដោយទី១៖ ពាក់ព័ន្ធនឹងសំណុំរឿងស្ករត្នោតលាយសារធាតុគីមី គឺទាក់ទិននឹងលោក អ៊ូ សុង ភេទប្រុស អាយុ៥៩ឆ្នាំ មិនត្រូវបាននាំខ្លួនមកកាន់តុលាការនោះទេ (បញ្ជូនតែសំណុំរឿង) ដោយមូលហេតុម្ចាស់ទីតាំងរូបនេះ មានជម្ងឺលើសឈាម និងជម្ងឺរបេងសួត ដោយមានលិខិតបញ្ជាក់ត្រឹមត្រូវ ។ ប៉ុន្តែលោក អ៊ូ សុង បានសន្យា និងអះអាងថា នឹងចូលខ្លួនបំភ្លឺគ្រប់ការកោះហៅរបស់តុលាការ។
ពាក់ព័ន្ធនឹងសំណុំរឿងកែច្នៃស្ករត្នោតនេះ ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ អះអាងថា លោកបានធ្វើ និងអនុវត្តត្រឹមត្រូវតាមច្បាប់កំណត់ មិនមានល្មើសនឹងច្បាប់បានចែងនោះទេ។
ដោយទី២៖ ដោយឡែកសំណុំរឿងស្តុបសារធាតុគីមី គឺទាក់ទិននឹងលោក ជ្រុយ សុខ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅចៅក្រម ដើម្បីបើកសវនាការជំនុំជម្រះផ្ទាល់នាពេលឆាប់ៗខាងមុខ។ ប៉ុន្តែជនត្រូវចោទត្រូវបានតំណាងអយ្យការដោះលែង ឲ្យមានសេរីភាពឡើងវិញ ដោយសំអាងថា មាត្រាចោទប្រកាន់នេះពុំមានទោសដាក់ពន្ធនាគារនោះទេ ពោលគឺត្រឹមពិន័យជាប្រាក់ប៉ុណ្ណោះ។
សូមជំរាបថា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆែកឆេរទីតាំងមួយកន្លែង ដែលមានម្ចាស់ទីតាំងឈ្មោះ អ៊ូ សុង ភេទប្រុស អាយុ៥៩ឆ្នាំ ក្នុងខណ្ឌទួលគោក ដោយសមត្ថកិច្ចរកឃើញថា ទីតាំងនេះមានការកែច្នៃស្ករត្នោត លាយសារធាតុគីមី ប្រភេទសូលដ្យូមហ៊ីដ្រូសូលហ្វីត ដាក់ចូលចំណីអាហារធ្វើឲ្យប៉ះពាល់ដល់សុខភាព។ សមត្ថកិច្ចបានបន្តការឆែកឆេរទីតាំងមួយទៀត ដែលជាឃ្លាំងស្តុកសារធាតុគីមីគ្រោះថ្នាក់ ដោយបានឃាត់ខ្លួន ម្ចាស់ទីតាំងម្នាក់ទៀត ឈ្មោះ ជ្រុយ សុខ ភេទប្រុស អាយុ៣៣ឆ្នាំ ដោយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចបានបញ្ជូនឈ្មោះ ជ្រុយ សុខ មកតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕