(ភ្នំពេញ)៖ «ណាហ្គាវើលដ៍បេះដូងសប្បុរស» ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជួយដល់ជនរងគ្រោះ ដែលទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ក្នុងប្រទេសកម្ពុជា តាមរយៈការឧបត្ថម្ភនូវទឹកប្រាក់ ៥៥,០០០ដុល្លារអាមេរិក ដល់សាលារាជធានីភ្នំពេញ។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញអង្ករប្រមាណ១០០តោន ដើម្បីចែកជូនដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
អំណោយនោះ ត្រូវបានទទួលដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅក្នុងពិធីប្រគល់ និងទទួល ដែលចូលរួមដោយនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិហិរញ្ញវត្ថុ លោក Sean Tan និងនាយកប្រតិបត្តិធនធានមនុស្ស លោក Hein Dames ។
លោក ឃួង ស្រេង បានថ្លែងថា «តាងនាមឲ្យពលរដ្ឋនៅក្នុងសហគមន៍របស់យើង យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការឧបត្ថម្ភ របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស។ ទឹកជំនន់ក្នុងឆ្នាំនេះ មានទំហំធំដែលបង្កផលប៉ះពាល់ ដល់ប្រជាជនជាច្រើននៅតាមសហគមន៍ ខណៈជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្កបញ្ហាដល់គ្រប់គ្នាផងដែរ ជាពិសេសអ្នកដែលបានបាត់បង់ឱកាសការងារ។ តាមរយៈការបរិច្ចាគអង្ករដ៏មានសារសំខាន់នេះ យើងអាចជួយសម្រួល ការលំបាកបានខ្លះ ដែលអ្នកដែលកំពុងត្រូវការជំនួយបំផុត»។
លោក Pern Chen បានឲ្យដឹងថា «ពាក្យស្លោករបស់ណាហ្គាវើលដ៍បេះដូងសប្បុរស គឺ យើងបម្រើកម្ពុជា។ គំនិតផ្តួចផ្តើមការងារសង្គមដែលបាន និងកំពុងបន្ត របស់យើង គឺឧបត្ថម្ភគាំទ្រដល់សហគមន៍ ដែលត្រូវការជំនួយបំផុត ជាពិសេសនៅក្នុងពេលវិបត្តិជំងឺរាតត្បាតនេះ។ យើងសង្ឃឹមថា អំណោយជាអង្ករ របស់យើង នឹងជួយសម្រាលការលំបាកខ្លះ ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ពីការផ្ទុះនៃជំងឺដ៏កាចសាហាវនេះ។ យើងក៏សូមកោតសរសើរ ដល់មន្ត្រីរបស់សាលារាជធានីភ្នំពេញផងដែរ ដែលបានធ្វើការឥតមាននឿយហត់ជួយដល់សហគមន៍ និងសម្របសម្រួលការដឹកជញ្ជូនអង្ករ»។
លោក Pern Chen បានធ្វើការកត់សម្គាល់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានបរិច្ចាគទឹកប្រាក់ ៥៥,០០០ដុល្លារអាមេរិក ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៩ ខែតុលា ដើម្បីទិញអង្ករចែកជូនដល់ជនរងគ្រោះដោយសារទឹកជំនន់។
«ណាហ្គាវើលដ៍បេះដូងសប្បុរស» ក៏បានឧបត្ថម្ភបរិក្ខារមួយចំនួន ដល់សាលារាជធានីភ្នំពេញផងដែរ កាលពីខែឧសភា ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃការឧបត្ថម្ភបរិក្ខារពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រដល់ស្ថាប័នរដ្ឋក្នុងអំឡុងពេល ៥ខែកន្លងមក ដើម្បីឆ្លើយតបទៅនឹងការផ្ទុះនៃជំងឺរាតត្បាត ដែលមានទឹកប្រាក់សរុបជាង ១១៨,០០០ដុល្លារអាមេរិក។
សូមជម្រាបថា «ណាហ្គាវើលដ៍បេះដូងសប្បុរស» បានឧបត្ថម្ភដល់ក្រសួងសុខាភិបាលនូវផ្ទាំងក្តារព័ត៌មាន ស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ១០០ឈុត ដើម្បីរក្សាសុវត្ថិភាពដល់សិស្សានុសិស្សនៅតាមសាលារៀន ដែលបើកដំណើរការឡើងវិញ ម៉ាស៊ីនធ្វើតេស្តរកមេរោគ១គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦,៤០០ឈុត ឧបករណ៍ប្រមូលសំណាក ៣,០០០ឈុត កុំព្យូទ័រយួរដៃ ៥គ្រឿង និងជែលលាងដៃ ៥០០ដប។
លើសពីនេះ ម៉ាស់មុខសរុប ៤០,០០០ បន្ទះ ជែលលាងដៃ ៤,០០០ ដប និងទឹកអាល់កុល ៧២០លីត្រ ត្រូវបានឧបត្ថម្ភដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញផងដែរ៕