(បាត់ដំបង)៖ «សាលាបឋមសិក្សា ហ៊ុន សែន ខ្នាចរមាស គឺជាសាលារៀនមួយក្នុងចំណោមសាលាទាំង១៧ ដែលទទួល បានអគារបណ្ណាល័យពីប្រាសាក់» ។ នេះបើយោងតាមសុន្ទរកថារបស់លោក ស៊ូ វណ្ណថន នាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស ប្រាសាក់ ដែលបានថ្លែងក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ណាល័យសាលាបឋម សិក្សា ហ៊ុន សែន ខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានអ្នកចូលរួមសរុបប្រមាណ ៧០០នាក់។
លោកបន្តថា «ក្រោមកិច្ចសហការជាមួយនឹង នាយកអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការត្រួសត្រាយពីធនាគារជាតិនៃកម្ពុជា ប្រាសាក់ បានចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ តាមរយៈ ការផ្តល់នូវអគារបណ្ណាល័យថ្មីៗ ដែលអគារទាំងនោះបានបំពាក់ទៅដោយធនធានសម្ភារ និងឯកសារសម្បូរបែប សម្រាប់បម្រើឲ្យការអាន និងការសិក្សារបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ សរុបប្រមាណ ១១,៤៦០នាក់ មកពី ៤០,០១៤ គ្រួសារ ដែលគ្របដណ្តប់លើ ២០៧ភូមិ នៅក្នុងខេត្តព្រៃវែង កំពង់ចាម កំពង់ស្ពឺ សៀមរាប ព្រះវិហារ តាកែវ បាត់ដំបង និងកំពង់ធំ» ។
ជាកិច្ចឆ្លើយតប លោកស្រី អ៊ុក សុមនី អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធី នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «ក្នុងនាម ក្រសួងអប់រំ យុវជន និងកីឡា លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រាសាក់ ដែលបានកំណត់យកវិស័យអប់រំជាគោលដៅអាទិភាព ក្នុងការអនុវត្តន៍ការងារសង្គមរបស់ខ្លួន។ សកម្មភាពទាំងនេះបានជួយជ្រោមជ្រែង ដល់ការខិតខំប្រឹងប្រែងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍ ន៍និងការធ្វើឲ្យប្រសើរឡើងវិស័យអប់រំនៅកម្ពុជា»។
លោកស្រីបន្ថែមថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើកំណែទម្រង់ ស៊ីជម្រៅវិស័យអប់រំតាមរយៈការជម្រុញលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាឲ្យខិតខំបំពេញភារកិច្ចកាន់តែប្រសើរ ជាពិសេស ការខិតខំស្វែងរក និងកៀងគរមូលនិធិពីសប្បុរជន ក្រុមហ៊ុនឯកជន និងអង្គការជាដៃគូនានា ក្នុងការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់សាសារៀន ឲ្យមានភាពប្រសើរឡើងនោះ មាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ក៏ត្រូវចូលរួមជម្រុញ និងដាស់តឿនកូនចៅឲ្យខិតខំរៀនសូត្រ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេឲ្យមានភាពប្រកួតប្រជែង និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ និងប្រទេសជាតិ ស្របតាមចតុស្តម្ភទាំង ៤ គឺ៖ រៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីឱ្យក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីរួមរស់ជាមួយគ្នា។
លោក ផាន់ ហូ ទីប្រឹក្សាធនាគារជាតិនៃកម្ពុជា បានថ្លែងថា «បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានអភិវឌ្ឍយ៉ាងរឹងមាំ និងបានបង្កើនវិសាលភាពប្រតិបត្តិការដល់ទីជនបទ ព្រមទាំងបានបម្រើសេចក្តីត្រូវការរបស់ ប្រជាជនកម្ពុជាយ៉ាងមានប្រសិទ្ធភាព»។ លោកបានលើកឡើងថា «សុខុមាលភាពរបស់អតិថិជន និងសហគមន៍ មានសារៈសំខាន់បំផុត ដើម្បីធានាបាននូវការរីករីកចម្រើនប្រកបដោយនិរន្តរភាព របស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា គម្រោងបណ្ណាល័យដែលប្រាសាក់បាននឹងកំពុងអនុវត្តនេះ ជាការងារដ៏ត្រឹមត្រូវ និងគំរូមួយដើម្បីជាប្រយោជន៍សម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ជាពិសេស សិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ផ្ទាល់តែម្តង»។
បច្ចុប្បន្ន ប្រាសាក់មានទ្រព្យសកម្មចំនួនជាង ១ពាន់លានដុល្លារអាមេរិក បុគ្គលិកសរុបចំនួន ៥,២៨៩នាក់ និងមានការិយាល័យចំនួន ១៨១ទីតាំង និងបានបំពាក់ម៉ាស៊ីន ATM ចំនួន ១០១គ្រឿងនៅទូទាំងប្រទេស។ នៅពេលថ្មីៗនេះ ប្រាសាក់ផ្តល់ជូនកម្មវិធីសន្សំពិសេស «រីកចម្រើនដោយសុខុមាលភាព» ជាមួយអាត្រាការប្រាក់ខ្ពស់រហូតដល់ ៩.៧៥%។ ហើយអ្វីដែលកាន់តែពិសេសនោះ លោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗ ដោយមិនចាំបាច់ផ្សងសំណាង។ រង្វាន់ទាំងនោះរួមមាន៖ កុំព្យូទ័រ MacBook Air, ទូរស័ព្ទ iPhone ទូរស័ព្ទ Samsung Galaxy និងរង្វាន់ជាច្រើនទៀត៕