(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម រ័ត្នណារិន បានប្រកាសសាលក្រម ផ្តន្ទាទោសបុរសម្នាក់ជាអតីតនាយកអង្គការផ្ទះយើង ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់៨លានរៀល ពីបទអំពើអាសប្រឆាំងនឹងអនីតិជនក្រោមអាយុ១៥ឆ្នាំ ។ ជនជាប់ចោទរូបនេះមាន ឈ្មោះ ហង្ស វិបុល ភេទប្រុស អាយុ៤៦ឆ្នាំ។
តុលាការទុកសិទ្ធិមួយខែឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍ ប្រសិនបើមិនសុខចិត្ត នឹងការសម្រេចរបស់សាលាដំបូងនេះ។
សូមជំរាបថា ឈ្មោះ ហង្ស វិបុល ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ជាប់ពាក់ព័ន្ធនឹងករណីបៀតបៀនផ្លូវភេទ លើកុមាររងគ្រោះជាច្រើននាក់ ស្នាក់នៅក្នុងមណ្ឌលអង្គការរបស់គាត់តាមរយៈហៅកុមារារងគ្រោះទាំងនោះ ចូលក្នុងបន្ទប់របស់គាត់ ឲ្យពួកគេចាប់លេងប្រដាប់ភេទរបស់គាត់រហូតដល់សម្រេចចេញទឹកកាម។ បន្ទាប់មក គាត់ក៏បានចាប់ស្ទាប លេងប្រដាប់ភេទរបស់កុមាររងគ្រោះនោះវិញផងដែរ។
លោក ស៊ុយ សុខុន មេធាវីការពារក្តីរបស់ជនជាប់ចោទឈ្មោះ ហង្ស វិបុល បាននិយាយថា ឈ្មោះ ហង្ស វិបុល បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់តំណាងអយ្យការ ពីព្រោះគាត់មិនបានប្រព្រឹត្តអ្វីដូចការឆ្លើយដាក់របស់កុមាររងគ្រោះនោះទេ។
លោកមេធាវី ស៊ុយ សុខុន បានឲ្យដឹងថា តាមពិតរឿងក្តីនេះ គឺជារឿងគំនុំ និងការទាស់ទែងគ្នា រវាងកូនក្តីរបស់លោក ឈ្មោះ ហង្ស វិបុល ជាមួយនឹងនាយករងអង្គការរបស់គាត់ម្នាក់ និងបុរសជនបរទេសបានរៀបចំផែនការ ដើម្បីធ្វើការទម្លាក់កំហុស ទៅលើឈ្មោះ ហង្ស វិបុល ដែលជានាយកអង្គការតែម្តងទៅ ៕