(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន០១នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នកឆ្លងថ្មីម្នាក់ គឺជាបុរសជនជាតិខ្មែរ-អាមេរិក អាយុ ៥៦ឆ្នាំ ស្នាក់បុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២០។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១៦៥នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១៦៤នាក់ ដែលមានលទ្ធ ផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅអនុវិទ្យាល័យបុរី ១០០ខ្នង និងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។
ដោយឡែកអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន០២នាក់ ក្នុងនោះមាន លោក សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ សមាជិករដ្ឋសភា មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា កន្លងមក និងស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរ មកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០។
ពួកគាត់ទាំងពីរនាក់ខាងលើ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាលបន្តថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ប៉ុន្តែមានអ្នកជាសះស្បើយ ០១នាក់ (ដូចបានជម្រាបជូនខាងលើ) ដែលចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា នៅសល់ចំនួន ០៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ៣០៣នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១២នាក់៕