(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញបានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ តុលាការបានសម្រេចដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ចំពោះបុរសកូរ៉េ២៣នាក់ ដែលត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន និងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដោយភ្ជាប់សេចក្ដីសន្និដ្ឋានចោទប្រកាន់ពីបទ បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងភ្នាក់ងារល្បែងស៊ីសង។ ក្នុងនោះបុរសពីរនាក់ ត្រូវបានចោទប្រកាន់ពីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និង ២១នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទភ្នាក់ងារល្បែងស៊ីសង ។
ក្រុមជនសង្ស័យទាំង ២៣នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសង្ស័យជាក្រុមជំរិតទារប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត នៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សូមជំរាបថា នៅក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឆែកឆេរភូមិគ្រឹះចំនួន២កន្លែង ទី១នៅភូមិគ្រឹះលេខ១៥ ក្នុងបុរីពិភពថ្មី សំរោងអណ្ដែត ចាប់ខ្លួនបានមនុស្សចំនួន១២នាក់ និងទី២ នៅភូមិគ្រឹះលេខ២៧ ក្នុងបុរីពិភពថ្មី ចាប់ខ្លួនមនុស្សចំនួន ១១នាក់ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រភ្ជាប់ប្រព័ន្ធអ៉ីនធឺណិតជាច្រើនគ្រឿង និងសម្ភារផ្សេងទៀត៕