(ភ្នំពេញ)៖ ក្រោយពីមានការរិះគន់ លើការដោះលែងជនល្មើសគ្រឿងញៀន ពីសំណាក់មន្រ្តីតុលាការ និងមានប្រតិកម្មពីមន្រ្តីនគរបាលជាន់ខ្ពស់ រាជធានីភ្នំពេញនាពេលថ្មីៗនេះរួចមក ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ នៅរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយ ជាមួយកងកម្លាំងនគរបាលរបស់ខ្លួន លើការរឹតបន្តឹងនិងត្រួតពិនិត្យនៃការកសាងសំណុំរឿង បញ្ជូនជនល្មើសទៅតុលាការ ធ្វើយ៉ាងណាឲ្យមានការពាក់ព័ន្ធគ្នា រវាងមន្រ្តីនគរបាលយុត្តិធម៌ និងស្ថាប័នច្បាប់មួយនេះ។
នៅក្នុងកិច្ចខាងលើនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ព្រមទាំងស្នងការរង ថ្នាក់ដឹកនាំការិយាល័យកណ្តាល នាយការិយាល័យ អធិការនគរបាលតាមបណ្តាខណ្ឌនិងមន្រ្តីនគរបាលពាក់ព័ន្ធ មួយចំនួនទៀត ។
នៅចំពោះមុខកងកម្លាំងរបស់ខ្លួន លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា «យើងត្រូវស្វែងយល់ឲ្យខ្លាំង និងជជែកគ្នាឲ្យច្រើន លើការកសាងនីតិវិធីសំណុំរឿង... ដូច្នេះត្រូវការិយាល័យមួយៗ ចាប់ផ្តើមពីការិយាល័យកណ្តាលព្រហ្មទណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កំរិតស្រាល ចរាចរណ៍ ដែលជាអ្នកពាក់ព័ន្ធនៃការកសាងសំណុំរឿង នៃការកសាងនីតិវិធី ថាតើការកសាងនីតិវិធីនេះ ត្រូវដាក់បញ្ចូលចំណុចណាខ្លះ ដែលពាក់ព័ន្ធនឹងព្រះរាជអាជ្ញា...»។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងនូវ ការឃាត់ខ្លួនជនល្មើសមួយចំនួន ដែលពាក់ព័ន្ធបទល្មើស ដូចជា លួចមានស្ថានទម្ងន់ទោស តែពេលចាប់ខ្លួនឆែកទៅឃើញ ថ្នាំញៀនជាប់នឹងខ្លួន ដូច្នេះតើយើងត្រូវដាក់បញ្ចូលបញ្ហាណាខ្លះ ដែលតម្រូវឲ្យ លោកព្រះរាជាជ្ញាត្រូវដោះស្រាយ។
ជាមួយគ្នានេះលោកស្នងការ ជួន សុវណ្ណ ក៏បានជំរុញឲ្យមន្រ្តីនគរបាលរបស់ខ្លួន ជាពិសេសអ្នកដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដូចជានគរបាលព្រហ្មទណ្ឌ និងចរាចរណ៍ត្រូវស្វែងយល់កាន់តែខ្លាំងអំពីផ្លូវច្បាប់ និងចំណុចពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ជៀសវាងនាំឲ្យមានការរិះគន់ ពីមជ្ឈដ្ឋាននានា។
នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ស្នងការ បានឲ្យអធិការនគរបាលតាមបណ្តាខណ្ឌ និងនាយផ្នែក ឡើងរាយការណ៍ក៏ដូចជាលើកឡើងនូវ បញ្ហានានាដែលមិនទាន់យល់ច្បាស់ ដើម្បីឲ្យលោក មាស ច័ន្ទពិសិដ្ឋ ពន្យល់និងបកស្រាយកុំឲ្យមានការយល់ច្រឡំបន្តទៀត៕
Posted by Sheet on Wednesday, February 10, 2016