(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន ការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ អាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់នៃរដូវរងារបានមកដល់ហើយ ដូច្នេះ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពី អាកាសធាតុចុះត្រជាក់នេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅ ក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង នូវសារអប់រំសុខភាព ការបង្ការ សុខភាព ដូចខាងក្រោមនេះ ៖
១៖ ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករានៃឆ្នាំ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និង រលាកក្រពះពោះវៀនដោយពពួកវីរុសជាដើម។
ខាងក្រោមនេះ គឺជាវិធានការសាមញ្ញមួយចំនួន ដែលលោកអ្នកអាចអនុវត្ត ដើម្បីថែរក្សាខ្លួនអ្នក និងក្រុមក្រួសារ ជាពិសេសមនុស្សចាស់ជរា ទារកនិងកុមារ៖
* ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។
* ចូរស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែលមិនបានរៀបរាប់នៅក្នុងសេចក្តីណៃនាំនេះបានអស់។
* ចូរចាំថា ធ្វើដំណើរ តែនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថាលោក អ្នកមានជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) គួរពន្យារផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មានសភាព ស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយូទិក(ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ។
* ពេលលោកអ្នក ក្អក ឬ កណ្តាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមក្អកឬ កណា្ដស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទេ។
* លាងសម្អាត ដៃ របស់លោកអ្នក ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ហើយចៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិង មាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។
* បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឲ្យមានការចម្លងរោគ ដោយមិនត្រូវនៅជិតស្និទ្ធ ពេកនិងអនុវត្តវិធានការដូច បានជម្រាបជូនខាងលើនេះ។
២៖ ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់។ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឲ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ។
ដូច្នេះ ចំណុចខាងក្រោមនេះ អាចជាជំនួយក្នុងការយល់ដឹង សម្រាប់កិច្ចការពារពួកគេ៖
* ទារកអាយុតិចជាងមួយឆ្នាំ មិនគួរឲ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សម្លៀកបំពាក់ដែលកក់ក្តៅ និងដណ្តប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាព ឲ្យបានកក់ក្តៅសម្រាប់ខ្លួនប្រាណពួកគេ ក៏ដូចជា នៅក្នុងបន្ទប់របស់ទារក។
* មនុស្សវ័យចំណាស់ ជាញឹកញាប់ មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិច ឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាព ក្នុងរាងកាយថយចុះជាងធម្មតា។ ដូច្នេះមនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
* កុមារ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះវាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។
* កុមារ និងមនុស្សវ័យចំណាស់ គួរពាក់មួក និងស្រោមជើង នៅពេលចេញទៅខាងក្រៅក្នុងពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាចបាត់បង់ តាមរយៈ ដៃ ក្បាលនិងជើង។
* ពិសារទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលនឹងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក របស់ក្រសួងសុខាភិបាល ហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន៕