(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនព័ត៌មានប្រកាសមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ។
ជាមួយគ្នានេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ២៨សំណាក់បន្ថែមទៀត ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានវិភាគ និងទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ វត្ថុសំណាកវិភាគសរុបលើកទី៣ ដែលមានចំនួន ១៣៥២ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។
គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ៣៩១៨ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២បាន ចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១៣៥២សំណាក) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសាជាថ្មីជូនដល់អ្នកដែលពាក់ព័ន្ធនឹង ព្រឹត្តិការ០៣វិច្ឆិកា ទាំងអស់ថា៖ សូមបន្តការធ្វើចត្តាឡីស័កឱ្យបានគ្រប់ចំនួន ១៤ថ្ងៃដោយត្រីមត្រូវ ហ្មត់ចត់ជាទីបំផុត និងធ្វើតេស្តលើកទី៤ឡើងវិញឱ្យបានគ្រប់គ្នា ទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ជាយថាហេតុ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ (ស្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១៣នាក់ (ស្រី ០២នាក់ និងបុរស ១១នាក់)៕