(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យបណ្តាក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានទាំងអស់ ត្រូវរួមគ្នាចុះមូលដ្ឋានបើកយុទ្ធនាការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោគថ្មីឡើងវិញ ខណៈក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងខ្លាំង។
នៅក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ដឹកនាំគណកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោគ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង មានលើកឡើងថា ការប្រើប្រាស់យន្តការមន្ត្រីថ្នាក់ជាតិចុះជួយមូលដ្ឋាន ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះ បានធ្វើឡើងខណៈការផ្សព្វផ្សាយច្បាប់ចរាចរណ៍កន្លងមកនេះ គឺឲ្យតែក្រុមការងារថ្នាក់ខេត្ត រាជធានី ចុះផ្សព្វផ្សាយហើយហាក់ធ្វើឲ្យប្រជាពលរដ្ឋ នៅតាមមូលដ្ឋានមិនទាន់មានការយល់ជ្រាបពីច្បាប់ទាំងនោះ។
សម្រាប់ខ្លឹមសារផ្សព្វផ្សាយច្បាប់ចរាចរណ៍ ក្រុមងារក្រសួងមហាផ្ទៃ គឺត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន គឺត្រូវរៀបចំសង្ខេបខ្លឹមសារផ្សព្វផ្សាយឲ្យបានត្រឹមត្រូវដើម្បីមហាជនងាយស្រួលយល់ទទួលយកបាន និងចូលរួមអនុវត្តទាំងអស់គ្នា។
សម្តេចក្រឡាហោម បានបន្តថា ការដាក់ចេញយុទ្ធនាការថ្មីឲ្យក្រុមការងារថ្នាក់ជាតិចុះផ្សព្វផ្សាយនោះ គឺនឹងត្រូវស្នើប្រធានការងារទាំងនោះធ្វើសកម្មភាពចុះឃោសនា នៅតាមប្រជុំជន នៅតាមទីផ្សារជាដើម។ ដោយឡែកនៅតាមសាលារៀនវិញ សម្តេចក្រឡាហោម ថានឹងមានការកំណត់យកមួយថ្ងៃនៅទូទាំងប្រទេស នៅគ្រប់បណ្តាសាលារៀនរដ្ឋទាំងអស់ គឺត្រូវមានយុទ្ធនាការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍នេះមួយដើម្បីសិស្សានុសិស្សទាំងអស់មានការយល់ជ្រាប។
សម្តេចក្រឡាហោម ស ខេង បន្តថា កំណើនគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានធ្វើឲ្យមនុស្សស្លាប់ កើនដល់២៣នាក់ចុងក្រោយនេះ បានបង្កើននូវក្តីព្រួយបារម្ភថែមទៀត ក្នុងនោះអ្នកស្លាប់គឺបានស្លាប់ទៅហើយ ប៉ុន្តែចំនួនអ្នករងរបួស គឺបានក្លាយបន្ទុករបស់រដ្ឋ និងបានធ្វើឲ្យមានការខាតបង់ធនធានមនុស្សរបស់ជាតិ។
ជាមួយនឹងការផ្សព្វផ្សាយនោះដែរ សម្តេចក្រឡាហោម ក៏បានជំរុញឲ្យប្រធាន និងមន្ត្រីក្រុមការងារថ្នាក់ជាតិទាំងអស់ ពិសេសកងកំលាំងនគរបាលត្រូវពង្រឹងឡើងវិញនូវបញ្ហាល្បឿនបើកបរ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបើកបរបត់ធ្វេងបត់ស្តាំ និងពិនិត្យមើលអត្តចរឹតរឹងរុសរបស់អ្នកបើកបរ បើកបរខ្ជីខ្ជា រឹងរុសមិនអនុវត្តច្បាប់ ពិសេសពិនិត្យលើរថយន្តដឹកកម្មករ និងរថយន្តដឹកអ្នកដំណើរធន់ធំជាដើម៕