(តាកែវ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កិច្ចការចម្បងបំផុតដែលកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រកាន់យក គឺជំហរស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពពីការប៉ុនប៉ងបំផ្លិចបំផ្លាញនានា។
លោកថ្លែងបែបនេះក្នុងពិធីចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ខេត្តតាកែវ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ ជាចំណែកដ៏តូចមួយនៃការគិតគូរយកចិត្តទុកដាក់ជារួមរបស់សម្តេចទាំងពីរ ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធយើងទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្ត ក្នុងការការពារសន្តិសុខ សន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។
លោកបន្តថា «កិច្ចការចម្បងបំផុតដែលកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រកាន់យក គឺជំហរស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពពីការប៉ុនប៉ងបំផ្លិចបំផ្លាញនានា ព្រោះថាសង្រ្គាមរុំារ៉ៃ ដែលកម្ពុជាធ្លាប់បានហែលឆ្លង គឺជាបទពិសោធន៍ និងមេរៀនដ៏មហាជូរចត់ ព្រមទាំងបានលេបត្របាក់យក សុខសន្តិភាព ចេញពីប្រទេសនិងប្រជាពលរដ្ឋរបស់យើង ហើយជំនួសមកវិញនូវមហាវិនាសកម្ម និងមហាសោកនាដកម្មដ៏មហិមា ដូច្នេះហើយកងកម្លាំងប្រដាប់អាវុធទាំងអស់មាននាទីជួយការពារ ទប់ស្កាត់ជាដាច់ខាតពីការវិលត្រលប់មកវិញនូវសង្រ្គាមដ៏អាក្រក់នេះ។ ជាមួយគ្នា សូមបន្តគោលគំនិត និងគោលជំហរជឿទុកចិត្តលើការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជួយជ្រោមជ្រែងគ្រប់ជ្រុងជ្រោយដល់កងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់គ្នា»។
បើតាមលោកឧត្តមសេនីយ៍ឯក, ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក៏ជាប្រធានគណៈកម្មាការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ស្តាត់ការរីករាលដាលនៃជំងឺនេះជាង ១០ខែកន្លងមក ពីការរីកសាយភាយពេសពេញផ្ទៃប្រទេស ដោយយើងបានអនុវត្តនូវវិធានសុខាភិបាលតឹងរ៉ឹង ហើយមានការប្រុងប្រយ័ត្នខ្ពស់។
លោកថ្លែងថា មកទល់ពេលនេះ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ នៅតែជាសត្រូវ និងជាមហន្តរាយដ៏គ្រោះថ្នាក់បំផុតរបស់ប្រជាជនទូទាំងប្រទេសនិងពិភពលោក ហើយទាមទារចាំបាច់ឱ្យពលរដ្ឋគ្រប់រូប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ននានា ចូលរួមយកចិត្តទុកដាក់ខ្ពស់គ្រប់ពេលវេលា ក្នុងការបន្តអនុវត្តវិធានសុខាភិបាលនានា ដូចជា៖ ពិគ្រោះជាបន្ទាន់បើមានអាការៈមិនប្រក្រតី, ការពាក់ម៉ាស, រក្សាគម្លាតសុវត្ថិភាព, រក្សាអនាម័យខ្ពស់, ចត្តាទ្បីស័កជាដើម។ ហើយចៀសវាងនូវការធ្វេសប្រហែស ព្រងើយកន្កើយ និងចន្លោះប្រហោងនានា ដែលជាលទ្ធផលអាចបណ្តាលឱ្យមានការចម្លងពីបុគ្គលទៅបុគ្គល, ក្រុម, ពួក, និងអង្គភាព ប្ញសហគមន៍ទាំងមូល។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ចំពោះការចូលរួមគ្រប់រូបភាពក្នុងការជួយ ការពារទឹកដី សុខសន្តិភាព ស្ថិរភាព ជូនប្រទេសជាតិ និងប្រជាជន ក៏ដូចជាចូលរួមក្នុងសកម្មភាពនានាដូចជាការជួយដល់ប្រជាពលរដ្ឋក្រីក្រ អតីតយុទ្ធជន ហើយថ្មីៗនេះបានចុះជួយជាប្រចាំដល់សកម្មភាពគ្រោះមហន្តរាយនានាដូចជាទឹកជំនន់ និងជាពិសេសជួយទប់ស្កាត់ការរីករាលដាលកូវីដ-១៩ នៅក្នុងអង្គភាពក៏ដូចជាភូមិសាស្ត្រឈរជើងរបស់ខ្លួន៕