(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចែកអាវរងាដល់កម្លាំងទូទាំងខេត្តកណ្ដាល ដោយបានផ្ដាំផ្ញើឲ្យអនុវត្តតាមវិធានការណ៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងឲ្យចូលរួមផ្សព្វផ្សាយនៅតាមមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីធ្វើយ៉ាងជួយទប់ស្កាត់ជំងឺនេះ កុំឱ្យឆ្លងជាសហគមន៍ជាដាច់ខាត ។
អាវរងាទាំងនេះជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុកទាំង១១ កងវរអន្តរាគមន៍ និងនាយទាហាន នាយទាហានរងទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ថា ដំណាក់កាលនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងទប់ស្កាត់ខ្លាំងណាស់ ហើយកម្លាំងយើងទាំងអស់ ក៍ត្រូវប្ដេជ្ញាចូលរួមអនុវត្តឲ្យបានល្អបំផុត ពិសេសត្រូវផ្សព្វផ្សាយដល់ពលរដ្ឋតាមមូលដ្ឋានជាប្រចាំ ដើម្បីជូនដំណឹងពួកគាត់ឲ្យការពារខ្លួនទាំងអស់គ្នា ។
ស្ថិតក្នុងឱកាសនេះ លោក-លោកស្រីកម្លាំងអាវុធហត្ថទាំងអស់បានលើកដៃម្រាមដៃ១០ អរគុណប្រមុខដឹកនាំដែលបានគិតគូរយកចិត្តទកដាក់មកដល់កងកម្លាំងអាវុធហត្ថខេត្តកណ្ដាល ព្រមទាំងបានប្ដេជ្ញាថានឹងការពារខ្លួនតាមវិធានការណ៍របស់ក្រសួងសុខាភិបាល ពិសេសចូលរួមផ្សព្វផ្សាយជូនពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួនជាប្រចាំតបតាមការអំពាវនាវរបស់សម្ដេចប្រមុខដឹកនាំប្រទេស៕