(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួត ប្រជែង ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិនៅក្នុងល្បឿន និងជីវភាពកាន់តែខ្ពស់ ដើម្បីធានាចីរភាពកំណើន និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ ប្រជាជនតាមរយៈការរៀនពីការអនុវត្តជោគជ័យ និងបច្ចេកវិទ្យាថ្មីៗពីប្រទេសអភិវឌ្ឍ ព្រមទាំងរៀនពីគ្នាទៅវិញទៅមក។
ការបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាព ក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត, ព្រមទាំងជំរុញឱ្យមាន ការផ្លាស់ប្តូរផ្នត់គំនិត របស់និយោជកពីការចាត់ទុក «កម្មករនិយោជិត» គ្រាន់តែជាធនធាន ដូចជាធនធានផលិតកម្មដទៃទៀត ទៅជាការចាត់ទុកថាជាមូលធនដែលត្រូវ ការចាំបាច់ធ្វើការវិនិយោគជាប្រចាំដើម្បីលើកកម្ពស់ និងពង្រីកជំនាញឱ្យមានសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ។
លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងសុន្ទរកថាគន្លឹះ ស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការបង្កើនផលិតភាព ក្នុងអំឡុងពេលរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៃពិព័រណ៍ការងារ និងផលិត ភាព ជាតិ ឆ្នាំ២០២០ ដែលរៀបចំតាមប្រព័ន្ធអនឡាញ។
លោកបណ្ឌិត ពេជ សោភ័ន បានសង្កត់ធ្ងន់ថា កំណើនផលិតភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិ នៃប្រទេសនោះអាចផលិតបានផលិតផល ដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈពេលដែលការប្រើប្រាស់ធនធាន កាន់តែមានប្រសិទ្ធភាពរួមចំណែកដល់ការ បង្កើនភាពប្រកួតប្រជែងរបស់ប្រទេស។ កំណើនផលិតភាពក៏ជាមធ្យោបាយ សម្រាប់សេដ្ឋកិច្ចជាតិមួយ ក្នុងការដំឡើងប្រាក់ឈ្នួលឱ្យប្រជាពលរដ្ឋរបស់ខ្លួន ប្រកបដោយចីរភាព។
ផលិតភាព គឺជាទំនាក់ទំនងរវាងបរិមាណនៃមុខចេញ (output) និងបរិមាណនៃមុខចូល (input) ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតមុខចេញនោះ។ ក្នុងន័យនេះ ផលិតភាពមិនគ្រាន់តែជាការផលិតមុខចេញប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងប្រកបដោយស័ក្តិសិទ្ធិភាពផងដែរ។
កំណើនផលិតភាពអាចត្រូវ សម្រេចបានតាមរយៈការប្រើប្រាស់កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនូវធនធានដូចជា ពលកម្ម មូលធន និងវត្ថុធាតុដើមក្នុងផលិតកម្ម នៃផលិតផលនិងសេវា។ ក្នុងន័យនេះកំណើនផលិតភាពការងារ គឺជាការកើនឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃពលកម្មនៅក្នុងការផលិត និងការលក់ដែលកំណត់ ដោយឥរិយាបថ និងជំនាញរបស់កម្មករនិយោជិត ព្រមទាំងកត្តាដទៃទៀតដែលជះឥទ្ធិពលលើមុខចេញ និងមុខចូល រួមមានបច្ចេកវិទ្យា នវានុវត្តន៍ ប្រព័ន្ធនិងដំណើរការ ការវិនិយោគលើគ្រឿងម៉ាស៊ីននិងឧបករណ៍ និងកត្តាតម្រូវការ៕