(ភ្នំពេញ)៖ ក្នុងនាមជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៨ ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះ មានដូចខាងក្រោម៖

ឆ្នាំនេះគឺជាខួបលើកទី៤៣ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំអាស៊ាន បានសម្តែងការអបអរសាទរចំពោះការបោះឆ្នោតទូទៅដោយជោគជ័យនៅសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ និងបានសម្តែងនូវបំណង ដើម្បីធ្វើឲ្យភាពជាដៃគូយុទ្ឋសាស្រ្តជាមួយសហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅថែមទៀត។

កិច្ចប្រជុំបានកត់សម្គាល់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក រួមមានតាមរយៈការអនុវត្តពេញលេញនូវផែនការការងារ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- សហរដ្ឋអាមេរិក (២០១៦-២០២០) និងការអនុម័តផែនការការងារថ្មី (២០២១-២០២៥)។

ថ្នាក់ដឹកនាំអាស៊ាន បានកោតសរសើរការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងពហុភាគីនិយម បូករួមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក។

ក្នុងកិច្ចសប្រតិបត្តិការសេដ្ឋកិច្ច ថ្នាក់ដឹកនាំបានកោតសរសើរចំពោះការងាររបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USABC) ក្នុងការលើកស្ទួយទំនាក់ទំនងកាន់តែរឹងមាំថែមទៀត រវាងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ។ ថ្នាក់ដឹកនាំមានជំហររួមអំពីសារៈសំខាន់នៃកិច្ចសហការ ដើម្បីធ្វើការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ថ្នាក់ដឹកនាំអាស៊ានបានស្វាគមន៍ការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ការកសាងសហគមន៍អាស៊ានមួយដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល តាមរយៈកម្មវិធីអប់រំ ការកសាងសមត្ថភាព និងកម្មវិធីអភិវឌ្ឍនានា។ ក្នុងស្មារតីនេះ កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួមអាស៊ាន-អាមេរិក ស្តីពីការអភិវឌ្ឍធនធានមនុស្ស។

ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជាបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូ និងបានអំពាវនាវឱ្យមានកិច្ចសហការច្រើនថែមទៀតពីសហរដ្ឋអាមេរិក ក្នុងការកសាងសមត្ថភាពសហគ្រិនវ័យក្មេង ដើម្បីឱ្យពួកគេវិវត្តរីកចម្រើន និងមានវិបុលភាព នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចសហការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងកម្មវិធីអប់រំឌីជីថល។

កម្ពុជាបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបង្កើនលំហូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីថែមទៀត តាមរយៈការអនុវត្ត «កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក ២០២០-២០២១»។ កម្ពុជា បានលើកទឹកចិត្តសហគមន៍ធុរកិច្ចអាមេរិក ឱ្យពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងតំបន់អាស៊ាន៕