(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ បានចុះទៅពិនិត្យស្ថានភាពរួមនៃជីវភាពរស់នៅរបស់ប្រជាជន និងស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងរដ្ឋបាល នៅភូមិល្អ ភូមិត្រពាំងទ្រាំង និងភូមិដែកភ្លើង ដែលជាភូមិឧបសម្ព័ន្ធរបស់ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ការចុះទៅពិនិត្យស្ថានភាពនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការរួមដំណើរពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង នាយក នាយករងសាលាភូមិន្ទរដ្ឋបាល ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលស្រុកចិត្របុរី មន្ត្រីរាជការតាមមន្ទីរជំនាញនៅថ្នាក់ខេត្ត ស្រុក និងមន្ត្រីមូលដ្ឋានឃុំចង្រ្កង់។
នៅភូមិល្អ ក្រុមការងារបានចុះទៅជួបសំណេះសំណាលតាមខ្នងផ្ទះ ស្វែងយល់ពីស្ថានភាពជីវភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ក្នុងចំណោមប្រជាជន ២៥៨ គ្រួសារ សរុបចំនួនមនុស្ស ១.៥៤៨ នាក់ កំពុងរស់នៅបច្ចុប្បន្នក្នុងភូមិល្អនេះ ភាគច្រើនជាអ្នកចំណូលស្រុក ដែលមានចំនួនប្រមាណជា ៦០% ហើយចំនួនប្រមាណ ៤០% ទៀតគឺជា បងប្អូនជនជាតិដើមភាគតិចព្នង ដែលរស់នៅក្នុងមូលដ្ឋាននេះ តាំងពីយូរលង់ណាស់មកហើយ។
ដោយឡែក នៅភូមិត្រពាំងទ្រាំងនិងភូមិដែកភ្លើង ក្រុមការងារបានចុះទៅជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួនប្រមាណ ២០០នាក់ តំណាងឱ្យបងប្អូន ៤៣៨ គ្រួសារ មានចំនួនមនុស្សសរុប ១.៧៨៥ នាក់ ដែលបានជួបជុំប្រមូលផ្តុំគ្នានៅក្នុងបរិវេណវត្តរុក្ខរត្តនារាមត្រពាំងទ្រាំង។
ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងពីរនេះ ភាគច្រើនក៏ជាអ្នកចំណូលស្រុកដែលមានចំនួនប្រមាណ ៧០% (មកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង...) ឯ ៣០% ទៀតគឺជាបងប្អូនជនជាតិដើមភាគតិចព្នង។
ក្នុងឱកាសជំនួបសំណេះសំណាលនេះ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារបានថ្លែងកោតសរសើរក្នុងនាមសម្តេចតេជោ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជូនចំពោះស្មារតីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិឧបសម្ព័ន្ធទាំងបី ដែលបានចូលរួមគាំទ្រយ៉ាងសកម្មចំពោះបុព្វហេតុកសាង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិរយៈពេលកន្លងមក ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតជារៀងដរាប៕