(កំពង់ស្ពឺ)៖ ដេីម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្រោយគ្រោះទឹកជំនន់ នៅថ្ងៃ សៅរ៍ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ សហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ចាស់ឥតទីពឹង ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៣២គ្រួសារ រស់នៅ ក្នុងភូមិចំនួន ៨៩ ឃុំចំនួន៧ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ដេីម្បីរក្សាគម្លាតសុវត្ថិភាពសង្គម និងសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជា បានរៀប ចំ ពិធីនេះនៅ ទីតាំងចំនួន៣គឺ ៖
*ទីតាំងទី១ ស្ថិតនៅក្នុងបរិវេណវត្តត្រែងត្រយឹង សម្រាប់ប្រជាពលរដ្ឋ ១៦៥គ្រួសារ រស់នៅភូមិចំនួន ៨ នៃឃុំត្រែងត្រយឹង។
*ទីតាំងទី២ ស្ថិតនៅក្នុងវត្តដំណាក់ត្រាច សម្រាប់ប្រជាពលរដ្ឋ ១៣៦គ្រួសារ រស់នៅភូមិចំនួន ៣៥ នៃឃុំដំបូករូង ឃុំជាំសង្កែ និងឃុំអូរ។
*ទីតាំងទី៣ ស្ថិតនៅបរិវេណវត្តត្រពាំងក្រឡឹង សម្រាប់ប្រជាពលរដ្ឋ ២៣១គ្រួសារ រស់នៅភូមិចំនួន៣៦ នៃឃុំគិរីវ័ន្ត ឃុំតាំងស្យា និងឃុំតាំងសំរោង។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បាន ពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា បេីទោះបីជា សម្តេច មិនបានអញ្ជេីញមកដោយផ្ទាល់ ក៏សម្តេចតែងតែ មានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះ លោកស្រី បានក្រេីនរំលឹកអំពីសារអំពាវនាវ របស់ សម្តេចតេជោ ហ៊ុន សែន នាយកមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយេីងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី» ។
ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យ ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុល ជាពិសេសត្រូវចូលរួមបង្កេីនការ យល់ដឹងពីសារសំខាន់នៃការធ្វេីចត្តាឡីស័ក ចៀសវាងឱ្យមានវិប្បដិសារីចំពោះគ្រួសារនិងសង្គមជាតិ។
ជាមួយគ្នានេះ សូមលេីកទឹកចិត្តដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាពទិញម៉ាស់ សូមមេត្តាដេរម៉ាស់ក្រណាត់ឬក្រមា ដែលអាចបោក ទឹកបាន សម្រាប់យកទៅប្រេីប្រាស់តាមការចាំបាច់។
ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូរថែទាំសុខភាព ឱ្យបានល្អ ត្រូវរស់នៅមានអនាម័យ និងពិសាទឹកដាំឆ្អិនល្អ ដេីម្បីជៀសផុតពីជំងឺផ្សេងៗ ។
ម្យ៉ាងវិញទៀត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបង្កឱ្យមានអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ ដូចនេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរាល់ពេលធ្វេីដំណេីរ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន។
ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ ទាំងអស់ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេស ជៀសវាងអំពេីហិង្សាក្នុងគ្រួសារ គ្រឿងញៀន គ្រឿងស្រវឹង -ល- ដេីម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួម ពង្រឹងសាមគ្គីភាពជាតិ និងរក្សាសុខ សន្តិភាពនៅក្នុង ព្រះរាជាណាចក្រកម្ពុជា យេីង។
សូមបញ្ជាក់ថា អំណោយ ដែល កាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនជាតិ-អន្តរជាតិ ត្រូវបានផ្តល់ ជូនដល់ គ្រួសារ នីមួយៗនូវ៖ អង្ករ ២៥គីឡូក្រាម (ជាអំណោយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា), មី ១កេស, ត្រីខ ១០កំប៉ុង , ទឹកត្រី ៦ដប, អំបិល ២គីឡូក្រាម និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត៕