(ព្រៃវែង)៖ លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារគណបក្សកម្ពុជា ចុះជួយឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង តំណាងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះសំណេះសំណាលសួសុខទុក្ខ និងចែកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ជូនប្រជាពលរដ្ឋទីទាល់ក្រក្នុងឃុំព្រៃព្នៅ មានចំនួន៣ភូមិ សរុបចំនួន២៨៦គ្រួសារ។
អំណោយទាំងនោះ ក្នុងប្រជាពលរដ្ឋមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម, មី១កេស, ស្កសរ១គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី១ដប, ទឹកស៉ីអ៉ីវ១ដប, ប្រេងឆា១ដប និងថវិកា៤ម៉ឺនរៀល។
ដោយឡែកលោកសន្តិបណ្ឌិត ចាន់ អ៊ាន បានប្រគេនស៉ីម៉ង់៦០តោន និងជួយថវិកាជួលជាងមួយចំនួន ជូនវត្តមុនីមានជ័យ (ហៅវត្តសាមគ្គី) ក្នុងភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង។
ថ្លែងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋក្នុងឱកាសនោះ សន្តិបណ្ឌិត ចាន់ អ៊ាន បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចាត់ឲ្យក្រុមការងារចុះជួយសម្រាលទុក្ខលំបាក ជូនប្រជាពលរដ្ឋជាប់ជានិច្ច និងទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នា ដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩ ដោយមកដល់ពេលនេះជំងឺនេះ នៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់ គ្នាចូលរួមពង្រឹងនូវ ភូមិឃុំមានសុវត្ថិភាព និងជៀងផុតពីគ្រឿងញៀន។ ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើង រួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត៕