(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងលោកស្រី ស៉ិន រតនា អភិបាលរង ព្រមទាំងមន្រ្តីរាជការទូទាំងសាលាខណ្ឌបឹងកេងកង និងអាជ្ញាធរសង្កាត់ទាំង៧ ដោយបានបន្តចុះផ្សព្វផ្សាយយុទ្ធនាការ ជាលក្ខណៈទ្រុងទ្រាយធំនៅលើកទី២ ផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ។
ក្បួនធ្វើដំណើរតាមមធ្យោបាយនានា តាមដងវិថី និងតាមដងផ្លូវនានាក្នុងមូលដ្ឋាន ស្តីពីវិធានបង្ការទប់ស្កាត់ដោយការពារ នៃការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ នៅតាមសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង គឺដើម្បីចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ ហើយការងារនេះដោយមានការចូលរួម ពីសំណាក់លោក-លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករង ប្រធាន និងអនុប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង៧ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើនរយនាក់ តាមមធ្យោបាយនានាយ៉ាងច្រើនកុះករផងដែរ។
ក្នុងនោះ ក៏មានបិទស្ទិកគ័រ ផ្ទាំងរូបភាព រួមទាំងចាក់ផ្សាយតាមមេក្រូ ក្នុងគោលបំណងបញ្ជ្រាបឲ្យកាន់តែច្បាស់ ពីការការពារថែទាំ និងកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ដែលមាន៦ចំណុច ដូចខាងក្រោម៖
* ទី១៖ លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលជែល
* ទី២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ
* ទី៣៖ ជៀសវាងប៉ះពាល់ ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
* ទី៤៖ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
* ទី៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
* ទី៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកង សូមជូនពរទៅដល់ប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមានចំនួន០៧សង្កាត់ សូមជៀសឆ្ងាយពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕