(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ, លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌ បានបន្តចុះចែកម៉ាសជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្នុងសង្កាត់ស្រះចកដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ២,០០០ម៉ាស។
សូមបញ្ជាក់ថា ម៉ាសដែលក្រុមការងារកំពុងចុះចែកជូននាពេលនេះ គឺទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូន ប្រជាពលរដ្ឋទូទាំងមូលដ្ឋានខណ្ឌដូនពេញ។
គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
មេដឹកនាំកំពូលកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបែងចែកម៉ាសភ្លាមៗ ដល់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅចែកបន្តជូនពលរដ្ឋដែលខ្វះខាត ព្រមទាំងបានផ្តល់ជូននគរបាលចរាចរណ៍ ៤០គោលដៅ ដើម្បីពាក់បំពេញភារកិច្ច ក្រោយពេលទទួលបានម៉ាសចំនួន២លានពីក្រសួងសុខាភិបាល។
លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តសកម្មភាពចែកម៉ាសនៅតាមផ្សារ និងគោលដៅផ្សេងៗទៀត ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងដល់សហគមន៍កម្ពុជា៕