(ព្រៃវែង)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២០ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជ និងគ្រាប់ពូជបន្លែ ជូនប្រជាពលរដ្ឋមានការខ្វះខាត ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧៣៦គ្រួសារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានធ្វើរបាយការណ៍អំពីផលប៉ះពាល់នឹងការខូចខាតដំណាំស្រូវដោយទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលា ឆ្នាំ២០២០ ដែលធ្វើឱ្យខូចខាតផ្លូវដែល សាងសង់ដោយមូលនិធិឃុំសរុបប្រវែង៣៦,៤២០ម៉ែត្រ ប្រព័ន្ធលូ ៤៧កន្លែង និងបានប៉ះពាល់ផ្ទៃដី ដាំដុះស្រូវចំនួន ៧ឃុំ សរុបផ្ទៃដីខូចខាតចំនួន៧៣៦ហិកតា ស្មើនឹង៧៣៦គ្រួសារ ក្នុងឃុំអន្សោង ចំនួន៦៤ហិកតា, ឃុំចាម ចំនួន១៨០ហិកតា, ឃុំជាងដែក ចំនួន១២០ហិកតា, ឃុំជ្រៃចំនួន៦៧ហិកតា, ឃុំកំពង់ត្របែក ចំនួន៥១ហិកតា, ឃុំពាមមន្ទារ ចំនួន២០០ហិកតា និងឃុំព្រៃពោន ចំនួន៥៤ហិកតា។
លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត បានលើកឡើងផងដែរថា សកម្មភាពទាំងនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងតែ គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ ដោយទីណាបងប្អូនមានទុក្ខគឺទីនោះ សម្ដេចតែងតែដែលជួយជានិច្ច ពិសេសដូចនាពេលនេះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងដែលធ្វើឱ្យខូចនូវផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដូច្នេះ សម្ដេចក៏បានចែកនូវស្រូវពូជដល់ប្រជាពលរដ្ឋ ដើម្បីបន្តដាំដុះបង្កបង្កើនផលឡើងវិញនេះ។
នៅក្នុងឱកាសនោះលោក ហាស់ សារ៉េត បានកោតសរសើរដល់អជ្ញាធខេត្ត មន្ទីរជំនាញអាជ្ញាធរស្រុកឃុំដែលបានសហការល្អក្នុងការជួយប្រជាពលរដ្ឋគ្រប់ពេលជាបន្តបន្ទាប់រហូតមក ជាក់ស្តែងដូចក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនាឱកាសនេះ ស្ថិតក្នុងការជំរុញយុទ្ធនាការស្តាការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋឡើងវិញ។
លោកបានបន្ថែមថា ការផ្តល់ពូជស្រូវ ពូជបន្លែជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការចូលរួមចំណែករបស់រាជរដ្ឋាភិបាលជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបង្កឡើងដោយគ្រោះមហន្តរាយ ទឹកជំនន់ទឹកភ្លៀង ទន្ទឹមគ្នានឹងការជួយសង្គ្រោះនាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋពិតជាបានជ្រាបហើយថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនោះ។
លោក ហាស់ សារ៉េត ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក ដោយលោកបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថារដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជានិច្ច។
សូមបញ្ជាក់ថា អំណោយដែលលោក ហាស់ សារ៉េត នាំទៅចែកជូនដល់ប្រជាពលរដ្ឋនាឱកាសនេះ ក្នុងមួយគ្រួសារទទួលបានស្រូវពូជ ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ ៤មុខ មានស្ពៃពីរមុខ ត្រប់ និងត្រកួនផងដែរ៕