(ស្វាយរៀង)៖ លោក ង៉ុយ ហាក់ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារ ចុះជួយឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះជួបសំណេះសំណាល និងនាំអំណោយរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋភិបាលចុះជួយស្រុករមាសហែក ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាតនៅភូមិតាត្រាវ ភូមិកំពង់ត្រាច ភូមិតាខុប ចំនួន៨៥គ្រួសារ។

លោក ង៉ុយ ហាក់ បានពាំនាំការសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងបានសម្តែងទឹកចិត្តអាណិតស្រឡាញ់ គិតគូរដល់ប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែក ដែលរងផលប៉ះពាល់បង្កពីគ្រោះធម្មជាតិផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ កុំភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ ជាពិសេសត្រូវគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនដោយត្រូវលាងសំអាតអនាម័យដៃជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ប្រើម៉ាសពាក់មុខ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីអាចជៀសផុតគ្រោះភ័យបាន។

លោក ង៉ុយ ហាក់ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរឃុំត្រូវពង្រឹងកិច្ចការភូមិ ឃុំមានសុវត្ថិភាពឱ្យបានល្អ ព្រមទាំងត្រូវដោះស្រាយបញ្ហាសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ បន្ទាប់ពីទឹកស្រកទៅវិញសូមប្រជាពលរដ្ឋបន្តការខិតខំបង្កបង្កើនផលស្រូវប្រាំង ការដាំណាំរួមផ្សំ ការចិញ្ចឹមសត្វ ត្រី កង្កែប។ល។ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនេះ ក្រុមការងារបានផ្តល់ជូនអំណោយក្នុង ១គ្រួសារ ទទួលបានអង្ករ ២០គីឡូ, មី ១កេស, ទឹកត្រី ១យួរ (៦ដប) ត្រីខ១យួរ (១០កំប៉ុង) ថវិកាជូនប្រជាការពារ ១២នាក់ សរុប២៤០,០០០រៀល, ជូនដល់គ្រូពេទ្យ អ្នកគ្រូ លោកគ្រូ សរុប១០០,០០០រៀល និងចូលបុណ្យសពលោក ប៊ូ ព្រីម មេភូមិឈើភ្លើង ថវិកា៨០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៩,៥៥៥,០០០រៀល៕