(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១២ ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដើម្បីទ្រទ្រង់ និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសតំបន់ទន្លេមេគង្គទាំង ៥ និងជប៉ុន។
កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុននេះ រៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយសហប្រធានលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម និងលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន។
ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ចប្រជុំកំពូល «មេគង្គ-ជប៉ុន លើកទី១២» តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ បានវាយតម្លៃខ្ពស់លើ «យុទ្ធសាស្ត្រទីក្រុងតូក្យូ ឆ្នាំ២០១៨» និង «គំនិតផ្តួចផ្តើមមេគង្គ-ជប៉ុន សម្រាប់គោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្ពោះទៅកាន់ ឆ្នាំ ២០៣០» ដែលបានផ្ដល់នូវលទ្ធផលប្រកបដោយផ្លែផ្កា ជាក់ស្តែងជាច្រើន សម្រាប់ប្រទេសទាំង ៦ ព្រមទាំងបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការ និងដំណោះស្រាយឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ ។
ថ្នាក់ដឹកនាំមេគង្គ ក៏បានគិតគូរអំពីការជំរុញជីវភាពរវាងគំនិតផ្តួចផ្តើមនានា ដែលក្នុងនោះមាន «កិច្ចសហ-ប្រតិបត្តិការសេដ្ឋកិច្ច អាយីយ៉ាវ៉ាឌី-ចៅប្រ៉ាយ៉ា-មេគង្គ (ACMEC)» ក្នុងគោលបំណងបង្កើននូវតំណភ្ជាប់ រវាងសេដ្ឋកិច្ចនៅក្នុងតំបន់ តាមរយៈការពង្រឹងរំហូរពាណិជ្ជកម្ម និងវិនិយោគ ។
ក្រោមស្មារតីនៃសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំង ៦, ថ្នាក់ដឹកនាំបានអនុម័ត «សេចក្តីថ្លែងការរួមនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ១២» ។ ប្រទេសជប៉ុន ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រ និងពង្រឹងសហប្រតិបត្តិការ នៅក្នុងតំបន់ទាំងពីរ ដើម្បីធានាបាននូវសន្តិភាព ស្ថេរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់ និងបានសំដែងនូវការស្វាគមន៍ដ៏ក្តៅ ទុកជាមុនដល់ថ្នាក់ដឹកនាំនៃតំបន់មេគង្គទាំងអស់ ដែលនឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ១៣» ដោយការជួបមុខគ្នាផ្ទាល់ នាទីក្រុងតូត្យូ នៅឆ្នាំ ២០២១ ខាងមុខនេះ៕