(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន បានរួមគ្នាធ្វើយុទ្ធនាការចុះចែកម៉ាសដោយផ្ទាល់ ជូនប្រជាពលលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅក្នុងបរិវេណវត្តប្រយូវង្ស ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្របតាមការណែនាំរបស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។
ការចុះចែកម៉ាសជូនពលរដ្ឋនៅក្នុងបរិវេណវត្តប្រយូវង្ស និងបន្តចែកជូនបុគ្គលិកប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ប្រមាណ១៣០នាក់ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមការដឹកនាំពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ព្រមទាំងមានការចូលរួមពីមន្ត្រី រដ្ឋបាលខណ្ឌចំការមនផងដែរ។
អភិបាលខណ្ឌចំការមន បានបញ្ជាក់ថា ការផ្តល់ជូនម៉ាសដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ ជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ក្រីក្រពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនឲ្យឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។
ឆ្លៀតនៅក្នុងឱកាស ចែកជូនម៉ាសនេះ, លោក ថេង សុថុល បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យខ្លួនប្រាណ, លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលឲ្យបានញឹកញាប់, ពាក់ម៉ាស់ការពារឲ្យបានជាប់ជាប្រចាំ និងត្រូវកាត់បន្ថយរាល់ការជួបជុំណាដែលមានមនុស្សច្រើន ឬក៏ដើរកំសាន្តតាមទីសាធារណៈផ្សេងៗ និងក្រើនរំលឹកប្រជាពលរដ្ឋចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដោយរក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិច ១,៥០ម៉ែត្រទៀតផង។
សូមរំលឹកថា នេះជាការចុះចែកម៉ាសលលើកទី៣ សំរាប់ខណ្ឌចំការមនក្នុងការនាំយកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋក្នុងទូទាំងខណ្ឌ ដែលកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា លោក ថេង សុថុល ក៏បាននាំយកម៉ាសមួយចំនួនធំ ចែកជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍រុងរឿងជាង ១០០គ្រួសារ និងបន្តចែកជូនដល់អាជីវករ និងប្រជាពលរដ្ឋក្នុងផ្សារទួលំពូង ដែលសរុបមកដល់ពេលនេះមានជាង១ម៉ឺន៥ពាន់ម៉ាសហើយ ដែលបានចែកជូនប្រពលរដ្ឋ និងបន្តយុទ្ធនាការចែករហូតតាមអនុសាសន៍របស់រាជដ្ឋាភិបាល សំដៅធ្វើយ៉ាងណាទប់ស្កាត់ មិនឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
សូមបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញម៉ាសក្រណាត់ចំនួន ២លានម៉ាស ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៕