(ពោធិ៍សាត់)៖ តូបលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង គិតជាទឹកប្រាក់ជិត២មឺុនដុល្លារ នៅវេលាម៉ោងប្រមាណ៣៖២៥នាទី ទៀបភ្លឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិឃ្លាំងមឿង ឃុំអន្លងត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់។
លោក ឯម រុណអធិការនគរបាលស្រុកក្រគរ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តូបលក់ចាប់ហួយដែលមានទំហំ៨គុណ៤ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងថ្មមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានកាភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍ភ្លាមៗ តែដោយសារភ្លើងឆេះខ្លាំងពេក ទើបបណ្តាលឲ្យឆេះទាំងស្រុងតែម្តង ដែលគិតជាទឹកប្រាក់ អស់ចំនួន១៨០០០ដុល្លារ។
លោក ឯម រុណ បានបញ្ជាក់ថា ករណីនេះ សន្និដ្ឋានជាជំហានដំបូង អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ ពីព្រោះ ជនរងគ្រោះទាំងអស់ សម្រាកនៅផ្ទះធំ។
បើតាមលោកអធិការ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ហើយរលត់ទាំងស្រុង នៅវេលាម៉ោង ជិត៥ទៀបភ្លឺ ថ្ងៃដដែលនេះ៕