ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ តម្លៃជិត៦០លានដុល្លារ គ្រោងតភ្ជាប់ដើមខែក្រោយ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន
14-11-2020 10:55
(កំពង់ចាម)៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ រវាងស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ គ្រោងតភ្ជាប់គ្នានាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា ត្រៀមផែនការបែងចែកភារកិច្ច រៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ។
មន្ត្រីជាន់ខ្ពស់សាលាខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
ចំពោះស្ពាននេះ មានបណ្តោយប្រវែង ១,១៣១ម៉ែត្រ, ទទឹងប្រវែង ១៣,៥០ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗនៅពេលខាងមុខនេះ៕