(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ អមដំណើរដោយលោកស្នងការរង នាយនគរបាល តាមការិយាល័យជំនាញជាច្រើនរូប នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនមន្ត្រីនគរបាលការពារព្រំដែនវរសេនាតូចលេខ៧០២ និងលេខ៩០៥ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានថ្លែងថា «ជារៀងរាល់ឆ្នាំពេលខែវស្សាសម្តេចតេជោ ហ៊ុន សែន តែងចែកអាវភ្លៀង និងពេលខែរងារសម្តេចតែងចែកអាវរងា នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ពិសេសកងកម្លាំងដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន»។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានធ្វើការណែនាំដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ និងលេខ៩០៥ទាំងអស់ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្យ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការពារសុខសន្តិភាព ដែលមានសព្វថ្ងៃឲ្យនៅគង់វង្សយូរអង្វែង និងធ្វើឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត។ ពិសេសត្រូវប្រឆាំងដាច់ខាត ចំពោះជនណាឬក្រុមណា ដែលមានបំណងញុះញង់បង្កើតចលាចល ចង់បំផ្លាញសុខសន្តិភាព នៅក្នុងសង្គមជាតិ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បានធ្វើការណែនាំបន្តថា មន្ត្រីនគរបាលការពារព្រំដែនគោកលេខ៧០២ និងលេខ៩០៥ទាំងអស់ សូមឲ្យខិតខំបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវបង្រ្កាបបទល្មើសឆ្លងដែននានា ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រូវរក្សាសុខភាព អនាម័យក្នុងការរស់នៅឲ្យបានល្អ ដើម្បីការពារពីជំងឺផ្សេងៗ និងត្រូវអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ១៩៕