(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក, បណ្តាលអោយមនុស្សស្លាប់ ៨នាក់ (ប្រុស) រងរបួសធ្ងន់១៧នាក់ (ស្រី ២នាក់) និងរបួសស្រាល៨នាក់ (ប្រុស )។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង១៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៦គ្រេឿង រួមមាន ម៉ូតូចំនួន២០គ្រេឿង រថយន្តធុនតូច ចំនួន៥គ្រេឿង រថយន្តធុនធំ ចំនួន១គ្រេឿង និងអ្នកថ្មើរជើង៣នាក់។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក ,ស្រវឹង៦លើក, ប្រជែងគ្រោះថ្នាក់ ២លើក ,មិនគោរពសិទ្ធិ២លើក , មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់៣លើក និងកត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២៤នាក់ (យប់ ១១នាក់)។
គ្រោះថ្នាក់លើដងផ្លូវ រួមមានផ្លូវជាតិ ចំនួន៧លើក ផ្លូវខេត្ត/ក្រុង ចំនួ ៩លើក និងផ្លូវលំចំនួន២លើក។ យានយន្តបង្កហេតុ រួមមានម៉ូតូ១១លើក រថយន្តធុនតូច៦លើក និងរថយន្តធុនធំ១លើក។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តត្បូងឃ្មុំ ១លើក ស្លាប់២នាក់ ខេត្តកំពត ៣លើក ស្លាប់១នាក់ របួស២នាក់ ខេត្តពោធិសាត់ ២លើក ស្លាប់១នាក់ របួស៥នាក់ ខេត្តព្រៃវែង ១លើក ស្លាប់១នាក់ របួស១នាក់ ( ស្រី ) ខេត្តកណ្តាល ១លើក ស្លាប់១នាក់ របួស១នាក់ ខេត្តកំពង់ចាម ១លើក ស្លាប់១នាក់ និងខេតបន្ទាយមានជ័យ ១លើក ស្លាប់១នាក់។
ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥៧៨៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២២៦៥គ្រឿង និងពិន័យសរុប៣៥២១គ្រឿង៕