(ភ្នំពេញ)៖ ប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា នៅរយៈពេល៩ខែ ឆ្នាំ២០២០ បានធ្លាក់ចុះជិតពាក់កណ្តាល ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកានេះ។
របាយការណ៍បញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ ប្រៃសណីយ៍កម្ពុជាទទួលបានចំណូល ៤ ៤២៤ ៩៤១.១៦ដុល្លារអាមេរិក ធ្លាក់ចុះ៤៧.៩១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ៨ ៤៩៥ ០៩១.៧២លានដុល្លារ។
លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានលើកឡើងថា ការធ្លាក់ចុះនៃចំណូលនេះ ដោយសារការអូសបន្លាយនៃការរីករាលដាលជំងឺកូវីដ១៩។
លោកថា កាលពីខែសីហា ឆ្នាំ២០២០ ប្រៃសណីយ៍កម្ពុជា បើកដំណើរការទទួលបញ្ញើឡើងវិញ។ ប៉ុន្តែទោះយ៉ាងណាជើងហោះហើរ មិនសូវទូលំទូលាយនោះឡើយ ពោលក្នុង១សប្តាហ៍បញ្ញើចេញបានតែមួយជើងប៉ុណ្ណោះ។
បញ្ញើរបស់ប្រៃសណីយ៍កម្ពុជា ពឹងផ្អែកស្ទើរជាង៩០ភាគរយ គឺបញ្ញើអន្ដរជាតិ ដែលផ្ញើទៅប៉ែកអឺរ៉ុប, អាមេរិក, អូស្រ្ដាលី និងកូរ៉េ។ កាលពីឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា រកចំណូលជាង១២លានដុល្លារអាមេរិក៕