(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» នឹងធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៣ ដើម្បីឱ្យមានភាពច្បាស់លាស់ថាមានឆ្លង ឬមិនឆ្លងជំងឺកូវីដ១៩។
ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោលនោះ។ ដោយឡែកសម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានធ្វើតេស្តនៅតាមទីតាំងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោឡក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» សរុប ២,៥៥៣នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា។ ក្នុងនោះ ១,៧៣៤នាក់ បានធ្វើតេស្តលើកទី១ និង ៨១៩នាក់ បានធ្វើតេស្តលើកទី២។
ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នេះ មានតែ ៤នាក់ប៉ុណ្ណោះ ដែលរកឃើញមានឆ្លងមេរោគកូវីដ១៩។
សូមបញ្ជាក់ថា ដើម្បីធានាបានថាមេរោគកូវីដ១៩ មិនត្រូវបានរីកសាយភាយក្នុងសហគមន៍នោះ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលនេះ ត្រូវបានតម្រូវឱ្យដាក់ខ្លួនដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ និងតេស្តសុខភាពរកមេរោគចំនួន៤លើក។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «៣វិច្ឆិកា» នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការសិក្សានៅតាមសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ ដើម្បីធានាថា មិនមានការរីកសាយភាពនៃការឆ្លងជំងឺកូវីដ១៩ ក្នុងកំលុងពេលតាមដានសុខភាពអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ រាជរដ្ឋាភិបាល ក៏បានបិទពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីផ្អាកសកម្មភាពកីឡាគ្រប់ប្រភេទនៅក្នុងពហុកីឡដ្ឋាននេះ។
បន្ថែមពីលើនោះរាជរដ្ឋាភិបាល ក៏បានសម្រេចបិទជាបណ្តោះអាសន្ននូវ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ សរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ១៣នាក់ (ស្រី ០២នាក់ និងបុរស ១១នាក់)៕