(ភ្នំពេញ)៖ កិច្ចប្រជុំកំពូល «អាស៊ាន-ឥណ្ឌាលើកទី១៧» ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន និងឥណ្ឌា។
ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបន្តដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ច តាមរយៈប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។
កិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានធ្វើការពិភាក្សានិងផ្លាស់ប្ដូរទស្សនៈ លើបញ្ហាប្រឈមតំបន់និងសកល ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្ថានភាពភូមិសាស្រ្តនយោបាយ ក្នុងតំបន់ ពិសេស ផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃទំនាក់ទំនងកិច្ចសន្ទនារវាងតំបន់ទាំងពីរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញជាច្រើន ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ អំពីសារសំខាន់ នៃការបន្តគាំទ្ររបស់ឥណ្ឌាក្នុងវិស័យតភ្ជាប់ ទាំងរូបវ័ន្ត និងឌីជីថលដល់អាស៊ាន ជាពិសេសសម្រាប់បណ្តាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម (CLMV) តាមរយៈគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) និងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥។
អគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការរំពឹងទុកខ្ពស់ ចំពោះគោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យកើនដល់២០០ ប៊ីលានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២២ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ឥណ្ឌា, និងការពន្លឿនការតភ្ជាប់, ជាពិសេសជំរុញការអនុវត្តនូវគម្រោង ផ្លូវហាយវ៉េត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ជាមួយនឹងការពង្រីកតំណភ្ជាប់បន្ថែម មកដល់ប្រទេសកម្ពុជា, ឡាវ និងវៀតណាម ឱ្យបញ្ចប់តាមការគ្រោងទុក។
ជាទិសដៅទៅមុខ, ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានសម្ដែងនូវការបេ្តជ្ញាយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងតំបន់ទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។
ភាគីទាំងពីរ នឹងបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី, ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សកលភាវូពាណិជ្ជកម្ម និងប្រព័ន្ធពា ណិជ្ជកម្មពហុភាគី, តាមរយៈការពង្រឹងកិច្ចសហការបន្ថែមទៀត ក្នុងការតភ្ជាប់ទាំងផ្នែកទន់ និងរឹង, ការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍវិស័យឌីជីថល ។ល។ កត្តាទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតំបន់ឱ្យងើបឡើងវិញឆាប់រហ័ស និង លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩។
ឈរលើមូលដ្ឋាននៃការពង្រឹងគោលការណ៍សាមគ្គីភាព និងមជ្ឈភាពអាស៊ាន, កិច្ចប្រជុំ បានសម្តែងសុទិដ្ឋិនិយម ចំពោះការបំពេញឱ្យគ្នាទៅវិញទៅមកប្រកប ដោយថាមភាពរវាងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា (India’s Act East Policy) និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ក្នុងការត្រួសត្រាយផ្លូវ សម្រាប់ជំរុញការអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាននិងរក្សាបាននូវសន្តិភាព សន្តិសុខនិងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ ។
«កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី ១៧» បានអនុម័ត «ផែនការសកម្មភាពថ្មីអាស៊ាន-ឥណ្ឌា (២០២១-២០២៥)» ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ឱ្យកាន់តែស៊ីជម្រៅ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ៕