(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវភ្លោះ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលមានជង្ហុគតូច-ធំជាច្រើនកន្លែង (សំបុកមាន់) ហើយពិបាកក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ពិសេសអាចបង្កគ្រោះថ្នាក់ចរាចរណ៌ ពេលនេះត្រូវបានរដ្ឋបាលខណ្ឌ សម្រេចធ្វើការជួសជុលយ៉ាងល្អប្រសើរឡើងវិញហើយ បន្ទាប់ពីប៉ុន្មានថ្ងៃជាប់គ្នាមានការប្រែប្រួលអាកាសធាតុ និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងស្ទើររៀងរាល់ថ្ងៃបណ្ដាលឲ្យទឹកហូរមិនទាន់ហើយស្ទះលូនិងលិចផ្លូវ ទើបរងការខូចខាតយ៉ាងដំណំ។
នេះបើតាមការបញ្ជាក់ឲ្យបានដឹងពីលោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោក ជា ពិសី បានលើកឡើងថា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងស្ទើរតែរៀងរាល់ថ្ងៃដោយសារការប្រែប្រួលអាកាសធាតុ បានបង្កឲ្យមានជំនន់ទឹកភ្លៀង និងធ្វើឲ្យស្ទះលូទឹកហូរមិនទាន់ រហូតបណ្ដាលឲ្យលិចផ្លូវមួយចំនួន។
លោកអភិបាលខណ្ឌឫស្សីកែវ បញ្ជាក់យ៉ាងដូច្នេះថា៖ «ទឹកភ្លៀងបានដក់លើផ្លូវ ហើយរថយន្តធុនធំ បានបើកបរជារៀងរាល់ថ្ងៃ ដូចច្នេះផ្លូវដែលរងការលិច ក៏ត្រូវបានខូចខាត រហូតក្លាយជាជង្ហុក (សំបុកមាន់) ជាច្រើនកន្លែង ដូចជាផ្លូវជាតិលេខ៥ជាដើម»។
«ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ចៀសបាននូវការកកស្ទះ និងអាចបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៌ មួយចំនួនផងនោះ ពេលនេះជង្ហុកសំបុកមាន់តូច-ធំ ជាច្រើនកន្លែង ត្រូវបានរដ្ឋបាលខណ្ឌ សម្រេចធ្វើការជួសជុលយ៉ាងល្អប្រសើរឡើងវិញហើយ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវភ្លោះ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ»៕