(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបន្ដដឹកនាំមន្ដ្រីចុះចែកម៉ាស ដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗចំនួន២ម៉ាស ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចកែងផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះចែកម៉ាស ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ក្នុងឱកាសចែកម៉ាសជូនប្រជាពលរដ្ឋ ក្នុងខណ្ឌព្រែកព្នៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ, លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានក្រើនរំលឹកប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយទឹកអាល់កុល ឬជែល ជាពិសេសត្រូវពាក់ម៉ាសនៅទីកន្លែងដែលចាំបាច់ ពោលគឺនៅទីប្រជុំជន ក្នុងចំណោមមនុស្សច្រើន ព្រមទាំងរក្សាគម្លាតឲ្យបាន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាលកម្ពុជា។
គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
មេដឹកនាំកំពូលកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕