(កំពង់ចាម)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តបឹងស្នាយ ស្ថិតក្នុងឃុំសំបួរមាស ក្រុងកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចកាត់បន្ថយរយៈពេលនៃការធ្វើសេវាផ្ទេរកម្មសិទ្ធិដីជូនប្រជាពលរដ្ឋមិនឲ្យលើស៣០ថ្ងៃនោះឡើយ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ធ្វើឡើងក្រោមអធិបតីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដោយមានសមាសភាពចូលរួមពីមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមចំនួន ១៦១នាក់។
បន្ថែមពីនេះនៅក្នុងវេទិកាពិគ្រោះយោបល់នេះដែរ អាជ្ញាធរខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន ១៣ចំណុច ក្នុងនោះសំណូមពរចំនួន៧ បានដោះស្រាយ និងសំណូមពរចំនួន៦ ចំណុចទៀតទុកដោះស្រាយនៅពេលក្រោយ។
យ៉ាងណាក៏ដោយ សំណូមពរទាំង១៣ ចំណុចខាងលើ មានសំណើសុំផ្ទាល់មាត់ពីប្រជាពលរដ្ឋម្នាក់ ទាក់ទងទៅនឹងបញ្ហាយឺតយ៉ាវផ្នែកសេវាផ្ទេរកម្មសិទ្ធិដីធ្លី ដែលកន្លងមក សេវាមួយនេះមានការយឺតយ៉ាវរហូតដល់ទៅ៦ ខែទើបទទួលបានលទ្ធផលសម្រេច។
ប៉ុន្តែបន្ទាប់ពីបញ្ចប់ការទទួលសំណូមពរ លោក អ៊ុន ចាន់ដា បានឆ្លើយតបភ្លាមៗថា «បញ្ហាផ្ទេកម្មសិទ្ធិដីធ្លីនោះ រដ្ឋបាលខេត្តបានដាក់ចេញជាគោលការណ៍រួមរួចហើយ ដើម្បីពង្រួញនីតិវិធី ធ្វើយ៉ាងណាឱ្យការផ្ទេរកម្មសិទ្ធិដីធ្លីពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ បានលឿនបំផុតពោលមិនឱ្យលើសពី ៣០ថ្ងៃ»។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា «គោលការណ៍នេះធ្វើឡើងដោយមានការឯកភាពគ្នាពីមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី និងសាខាពន្ធដារ រួមជាមួយនឹងច្រកចេញចូលតែមួយ ដោយចងក្រងបានជាសេចក្តីណែនាំមួយបានដាក់ឆ្លងទៅក្រុមប្រឹក្សាខេត្ត ហើយខាងក្រុមប្រឹក្សាខេត្ត បានអនុម័តកាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ រួមទាំងរូបលោក បានចុះហត្ថលេខារួចហើយ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ដូច្នេះចាប់ពីពេលនេះតទៅ ការរៀបចំការទិញផ្តាច់ផ្ទេរកម្មសិទ្ធិដីធ្លី ពីបុគ្គលមួយ ទៅបុគ្គលមួយ គឺមិនឱ្យលើសពី ៣០ថ្ងៃនោះទេ»។
ទន្ទឹមនឹងនោះដែរ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ភាគីខាងម្ចាស់ឯកសារ ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់មន្ត្រីជំនាញសូរិយោដី ដោយរៀបចំឯកសារឱ្យបានត្រឹមត្រូវពីដើមទីឱ្យហើយ ព្រោះជៀសវាង ឯកសារមិនគ្រប់គ្រាន់ ដែលធ្វើឱ្យមានការបញ្ជូនឯកសារនោះត្រឡប់ទៅ ត្រឡប់មកជាហេតុនាំឱ្យមានការយឺតយ៉ាវ៕