(ក្រចេះ)៖ អាជ្ញាធរក្រុងក្រចេះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីជំនាញ និងសមត្ថកិច្ចចម្រុះ ចុះឃាត់រថយន្ដដឹកខ្សាច់ខុសលក្ខណៈបច្ចេកទេស ដែលបិតបាំងមិនបានល្អបណ្ដាលឱ្យជ្រុះធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់អ្នកធ្វើដំណើររួមផ្លូវជាមួយ ដើម្បីឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការដឹកខុសលក្ខណៈបច្ចេកទេស។
បើតាមការបញ្ជាក់ពីមន្រ្តីជំនាញ បានឱ្យដឹងថា៖ «ការឃាត់រថយន្ដទាំងនេះ គឺហៅពួកគាត់ឱ្យធ្វើកិច្ចសន្យា ដើម្បីឱ្យបញ្ឈប់ការដឹងដឹកជញ្ជូនផ្ទុកលើសទម្ងន់ ការដឹកជញ្ជូន បិតបាំងមិនបានល្អបណ្ដាលឱ្យជ្រុះហ៊ុយប៉ះពាល់ដល់បរិស្ថាន និងបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពអ្នកដំណើរលើដងផ្លូវជាមួយ»។
មន្រ្តីជំនាញដដែល បានបញ្ជាក់ថា ក្រោយពីធ្វើកិច្ចសន្យាបញ្ឈប់ ហើយបើសិនជាពួកគាត់នៅតែបន្តដឹកជញ្ជូន មិនបានវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះទេ មន្ទីរជំនាញ និងអនុវត្តតាមផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ថា នាពេលកន្លងមក គេពិនិត្យឃើញមានរថយន្ដដឹកខ្សាច់ធំៗជាច្រើនគ្រឿង បានដឹកខុសលក្ខណៈបច្ចេកទេសមិនបានវេចខ្ចប់ត្រឹមត្រូវ បានធ្វើសកម្មភាពដឹកខ្សាច់ជ្រុះពាសវាលពាសកាលពេញផ្លូវ ជាពិសេសរថយន្ដខ្នាតយក្សដឹកខ្សាច់ ចេញពីចំណុចភូមិក្រគរ និងភូមិរឬស្សីចារ បានដឹកខ្សាច់ឆ្លងកាត់ឃុំគោលាប់ ស្រុកចិត្របុរី បន្តទៅស្រុកស្នួល ដោយដឹកផ្ទុកទម្ងន់ជាច្រើនតោន បណ្ដាលឱ្យផ្លូវលំ ១ខ្សែ ស្ថិតនៅសង្កាត់ក្រគរ និងឃុំគោលាប់ ទទួលរងការខូចខាតយ៉ាងដំណំ។
ពាក់ព័ន្ធនឹងការដឹកខ្សាច់ពីសំណាក់រថយន្តធំៗទាំងនេះ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ចាត់វិធានវិធានការ ឱ្យបានតឹងរឹងទៅលើរថយន្តទាំងនេះផង ជៀសវាងបង្កឱ្យមានករណីរណីគ្រោះថ្នាក់ចរាចរណ៍ និងបង្កការខូចខាតផ្លូវ ស្ពាន ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋជាដើម៕