(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានសំដែងការស្វាគមន៍ និងគាំទ្រ ចំពោះការប្រកាសរបស់ប្រទេសចិន ដែលបានចាត់ទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជា «ទំនិញសាធារណៈ» និងការបន្តផ្គត់ផ្គង់ថ្នាំ និងបរិក្ខារពេទ្យក្នុងតំបន់អាស៊ាន សម្រាប់ការសង្គ្រោះបន្ទាន់ លើកកម្ពស់សុខភាពសាធារណៈ ព្រមទាំងជំនួយដទៃទៀតសម្រាប់ការស្តារ និងងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ក្រោយកូវីដ-១៩។
ការស្វាគមន៍ និងគាំទ្រលើប្រទេសចិននេះ ធ្វើឡើងក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ២៣ ស្តីពី «ការត្រួតពិនិត្យឡើងវិញនៃកិច្ចសហប្រតិបត្តិការ និង ទិសដៅអនាគតអាស៊ាន-ចិន» ដែលរៀបចំឡើងនៅរសៀលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះថា នៅរសៀលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០, ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានពេញអង្គ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកិច្ចកំពូល «អាស៊ាន-ចិន លើកទី ២៣» តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម។
ក្រោមប្រធានបទ «ការត្រួតពិនិត្យឡើងវិញនៃកិច្ចសហប្រតិបត្តិការ និងទិសដៅអនាគតអាស៊ាន-ចិន» កិច្ចប្រជុំកំពូល «អាស៊ាន-ចិន លើកទី ២៣» នេះ បានផ្តោតកិច្ចពិភាក្សាជាចម្បងលើបញ្ហាប្រឈម ដែលរួមមាន បញ្ហាសុខភាពសាធារណៈ និងស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ទាំងពីរជាដើម។
អង្គប្រជុំបានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការបង្កើនកិច្ចសហការរវាងអាស៊ាន និងចិន ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងក្នុងការស្តារស្ថេរភាព និងងើបឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិនេះត្រូវបានបញ្ចប់ តាមរយៈយន្តការដែលមានស្រាប់ រួមមាន «ផែនការអនុវត្ត ២០១៦-២០២០» និង «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)» ក៏ដូចជា ស្វែងរកនូវយន្តការសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ។
ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ប្រទេសចិន ក្នុងការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាពអាស៊ាន-ចិន ព្រមទាំងក្នុងការជំរុញគំនិតផ្តួចផ្តើម «ភាពជាដៃគូអាស៊ាន-ចិន ស្តីពីសេដ្ឋកិច្ចពណ៌ខៀវ» និង «ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ ២០៣០» ។
ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន-ចិន បានប្តេជ្ញាបន្តគាំទ្រគោលការណ៍ពហុភាគីនិយម និងបានស្នើឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ទៅលើការកសាងជំនឿទុកចិត្ត និងរក្សាភាពធន់នៃសង្គម-សេដ្ឋកិច្ចនាពេលអនាគត, ការបើកចំហររំហូរពាណិជ្ជកម្មសេរី, ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់, និងការអនុវត្តសេដ្ឋកិច្ចឌីជីថល។
ជាមួយគ្នានេះ, ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ក៏បានសំដែងការពេញចិត្ត និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់លោក លី ខឺឈាង (Li Kequiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបង្កើនកិច្ចសហ-ប្រតិបត្តិការ, ការជួយដល់តំបន់អាស៊ាន និងការដោះស្រាយបញ្ហាផ្សេងៗទៀត តាមយន្តការសន្តិវិធី ដោយឈរលើស្មារតីសាមគ្គីភាព និងវិបុលភាពដល់ប្រជាជនទាំងអស់នៃតំបន់ទាំងពីរ៕