(បាត់ដំបង)៖ សមត្ថកិច្ចនគរបាលការិយាល័យ ជំនាញស្នងការខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសបានម៉ូតូ៦គ្រឿង ពាក់ព័ន្ធករណីលួច និងអ្នកទិញម៉ូតូពីចោរ ជាបន្តបន្ទាប់ នៅថ្ងៃទី៨ និងទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ក្រោមបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្រ្កាបជនសង្ស័យក្នុងករណី (ឆបោក) ចំនួន០៣នាក់ ភេទប្រុសដែលក្នុងនោះ មាន០១នាក់ ជាជនដៃដល់ និង០២នាក់ទៀត ជាអ្នកទទួលផលចោរកម្ម (អ្នកទិញម៉ូតូ) ព្រមទាំងដកហូតបានម៉ូតចំនួន០៦ គ្រឿង ក្នុងនោះម៉ូតូប្រភេទ សេ១២៥ ចំនួន០៥គ្រឿង និងម៉ាកគ្លីកចំនួន០១គ្រឿង។
ក្រោយឃាត់ខ្លួនវត្ថុតាង និងជនសង្ស័យ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាកាខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវចំពោះប្រជាពលរដ្ឋ មេត្តប្រុងប្រយត្ន័ចំពោះសកម្មភាពឆបោក គ្រប់យ៉ាងរបស់ជនល្មើស ដែលពួកគេតែងតែធ្វើសកម្ម ភាពនៅពេលណាដែល ម្ចាស់ទ្រព្យទុកចិត្ត និងសូមមេត្តាដល់ជនរងគ្រោះ ដាក់ពាក្យបណ្តឹង និងរាយការណ៍បានទាន់ពេលវេលា មកសមត្ថកិច្ច ដែលនៅជិតបំផុតតាមដែលអាចធ្វើទៅបាន៕