(ភ្នំពេញ)៖ «នៅយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅដដែល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ»។
ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ១- ខណ្ឌ ច្បារអំពៅ , ២- ខណ្ឌ មាន ជ័យ , ៣-ខណ្ឌ ពោធិសែន ជ័យ , ៤- ខណ្ឌទួលគោក និងទី៥ ខណ្ឌ ឬស្សីកែវ។
ក្រៅពីការដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរស្រវឹង ក្នុង៥គោលដៅខាងលើនេះ សមត្ថកិច្ច ក៏បានបន្ថែមកម្លាំងដើម្បី បាញ់ល្បឿនរថយន្តផងដែរ។
កាលពីម្សិលមិញ មិនមានការឃាត់ខ្លួនអ្នកបើកបរ ស្រវឹងនោះទេ។គិតចាប់ពីថកងៃទី៣១ ខែមករា ដល់ថ្ងៃទី៨កុម្ភៈ សមត្ថកិច្ច ឃាត់ខ្លួន អ្នកបើកបរស្រវឹងសរុប ៦២ នាក់ ក្នុងនោះ មានរថយន្ត ១១នាក់ និងម៉ូតូ៥១នាក់ ដែលមានកំរិតជាតិស្រវឹង០.៤៥ ដល់ ១.៣០។
គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យសែន និងចូលឆ្នាំចិន រយៈពេល៣ថ្ងៃនេះ មានអ្នករហូតដល់ចំនួន៣៨នាក់ និងរងរបួសសរុបទូទាំងប្រទេសចំនួន១២៧នាក់។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាកុំបើកបរក្នុងភាពស្រវឹងស្រា និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិតរបស់យើង និងអ្នកដទៃ៕