(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់ លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូល សម្រេចមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកស្រី លី ស្រីវីណា បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំនីតិសម្បទាធ្វើនយោបាយ និងលិខិតគោរពស្នើសុំចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា។
មន្រ្តីជាន់ខ្ពស់ពីខុទ្ទកាល័យប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លិខិតគោរពស្នើសុំរបស់លោកស្រី លី ស្រីវីណា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យល់ព្រមហើយក្នុងការទទួលយកលោកស្រី មកធ្វើជាសមាជិកគណបក្ស។
សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ និងចុងក្រោយទី១៤៖ លោកស្រី លី ស្រីវីណា៕