(ភ្នំពេញ)៖ បើទោះបីជួបការលំបាកបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយចុះ តែការធ្វើពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅតែមានសន្ទុះគួរឱ្យកត់សម្គាល់។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា រយៈពេល ១០ខែ ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មនៃការនាំចេញ និងចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបាន ១,២៧៣លានដុល្លារអាមេរិក។
របាយការណ៍បានបង្ហាញថា ទំហំនេះកើនឡើងចំនួន ៣១.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩។ ចំនួននេះ ស្មើនឹង ១០៣% នៃទំហំនាំចេញ និងនាំចូលសរុបនាឆ្នាំ២០១៩។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញដែរថា រយៈពេល ១០ខែ ឆ្នាំ២០២០នេះ កុងតឺន័រចេញចូល ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរហូតដល់ ៣៦,២០៦កុងតឺន័រ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនចិន បានគូសរំលេចក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ទំហំនៃការធ្វើពាណិជ្ជកម្មនេះ បានបង្ហាញឱ្យឃើញពីសមត្ថភាពអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងកំលុងពេលនៃវិបត្តិជំងឺកូវីដ១៩។
ក្នុងសេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា «ទាំងនេះ គឺជាសមិទ្ធផលដ៏គួរឱ្យរំភើបចិត្តដែលទទួលបានក្នុងស្ថានភាពធ្ងន់ធ្ងរជំងឺវីរុស COVID-19 កំពុងតែរាត្បាតពាសពេញសកលលោក។ នេះបានឆ្លុះបញ្ចាំងពីសន្ទុះអភិវឌ្ឍខ្លាំងរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រសហគ្រាស និងបុគ្គលិកកម្មករទាំងអស់បានចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ»។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនចិន ជាវេទិកាវិនិយោគអន្តរជាតិមួយដែលបើកចំហទូទាំងពិភពលោក ដែលបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនៅលើពិភពលោក។ តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាត់ទុកការបម្រើសេវាកម្មជូនរោងចក្រសហគ្រាស និងធ្វើឱ្យបរិយាកាសអាជីវកម្មប្រសើរឡើងជាកិច្ចការដ៏សំខាន់បំផុត។
នៅឆ្នាំ២០២០នេះ នៅពេលដែលជំងឺកូវីដ១៩ចាប់ផ្តើមផ្ទុះឡើង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ភ្លាមៗ ហើយបានអំពាវនាវឱ្យរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ច។ ជាពិសេសធ្វើការប្រាស្រ័យទាក់ទងជាមួយដៃគូ វិនិយោគតាមប្រព័ន្ធអនឡាញ រួមគ្នាកសាងខ្សែការពារដ៏រឹងមាំមួយ ទើបអាចធានាគ្មានការឆ្លងពីជំងឺCOVID-19 នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ ធានាដល់ការដំណើការជាធម្មតារបស់រោងចក្រសហគ្រាសនិងបន្តរក្សាឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់។
លើសពីនេះទៅទៀត បានប្រឹងប្រែងជំរុញការអភិវឌ្ឍដំណាក់កាល២ ដោយបង្កើនល្បឿនក្នុងការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតកម្ម និងជីវភាពរស់នៅក្នុងតំបន់ផ្តល់ការធានារឹងមាំសម្រាប់រោងចក្រផលិត។
សព្វថ្ងៃនេះ អនុស្ថានីយ៍អគ្គិសនីតង់ស្យុងខ្ពស់ 50MW ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស បានដំណើការ និងផ្គត់ផ្គង់ថាមពលជាធម្មតា នឹងបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាព និងស្ថេរភាពផ្គត់ផ្គង់ថាមពលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
យោងតាមស្ថិតិបានបង្ហាញថា ចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំ២០២០នេះ ការប្រើប្រាស់ថាមពលអគ្គិសនីសរុបរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានបរិមាណប្រហែល ៧,៧២៧ម៉ឺនគីឡូវ៉ាត់ម៉ោង បានកើនឡើង ៥០.៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដំណាក់កាលទី២ នៃរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ត្រូវបានពន្លឿនការសាងសង់។ តាមការប៉ានស្មានគម្រោងនេះ អាចនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២០។ អាគារស្នាក់នៅសម្រាប់បុគ្គលិកខ្មែរទាំង៦ខ្នង ត្រូវបានសាងសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ទាំងនេះបានបំពេញតម្រូវការរបស់បុគ្គលិក កម្មករ ដែលមានផ្ទះឆ្ងាយពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
ទោះបីជាការរីករាលដាលនៃជំងឺកូវី១៩ នាំមកនូវបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ក្រុមហ៊ុនសហគ្រាស និងធ្វើឱ្យក្រុមហ៊ុនសកគ្រាសមួយចំនួនមានការធ្លាក់ចុះនូវសមត្ថភាពផលិតក៏ដោយ ប៉ុន្ដែដោយបានពឹងផ្អែកលើតួនាទី និងភាពខ្លាំងរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សហគ្រាសនៅក្នុងតំបន់នៅតែប្រកាន់ខ្ជាប់នូវទំនុកចិត្តរបស់ខ្លួនជានិច្ច ខិតខំដោះស្រាយបញ្ហាប្រឈម និងស្តារឡើងវិញនូវសមត្ថភាពផលិតបន្តិចម្តងៗ។
សហគ្រាសខ្លះបានប្រែក្លាយគ្រោះថ្នាក់ឱ្យទៅជាឱកាសអាជីវកម្ម និងសម្រេចបានកំណើនទ្វេដងនៃលទ្ធភាពផលិតបើប្រៀបធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុន JIANGXI 3L ដែលផលិតសំភារៈវេជ្ជសាស្ត្រ នៅតែបន្តដំណើការផលិតយ៉ាងពេញទំហឹង។ ក្នុងរយៈពេល ៣ត្រីមាសមុននៃឆ្នាំ ២០២០ ទិន្នផលនៃរោងចក្រសម្រេចបានប្រមាណជិត ៣៤លានដុល្លារអាមេរិកហើយការនាំចេញបានកើនឡើង ១៧.១៥% បើប្រៀបធៀបនឹងឆ្នាំមុន។
មួយវិញទៀត ក្រុមហ៊ុនមួយចំនួនដែលទើបតែចូលមកវិនិយោគនៅក្នុងតំបន់ ពួកគេបានខិតខំពុះពារឧបសគ្គ ដើម្បីធ្វើការផលិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ មានក្រុមហ៊ុនថ្មីចំនួន ៨ត្រូវបានកំពុងដំណើរការផលិតជាបណ្តើរៗ និងក្លាយទៅជាចំណុចលូតលាស់ថ្មីគួរឱ្យកត់សម្គាល់។
ក្រុមហ៊ុន AIDC trading Co. Ltd គឺជាក្រុមហ៊ុនមួយដែលកែច្នៃគ្រាប់ធញ្ញជាតិដែលមានក្រុមហ៊ុនមេនៅប្រទេសឡាវ ក្រុមហ៊ុននេះបានចូលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីខែកុម្ភៈឆ្នាំ២០២០នេះ។ បន្ទាប់ពីចូលមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រុមហ៊ុននេះ បានខិតខំពុះពារជម្នះរាល់ឧបសគ្គដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺកូវី១៩ ក្នុងទំនាក់ទំនងអន្តរជាតិ ហើយបានចាប់ផ្តើមដំណើរការផលិតដោយរលូនវិញកាលពីខែកញ្ញា ឆ្នាំ២០២០នេះ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអះអាងថា ក្នុងនាមជា «ក្បាលម៉ាស៊ីន» នៃការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជួយជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុកដោយសកម្មភាពជាក់ស្តែង ជាមួយការអភិវឌ្ឍន៍នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដំណាក់កាលទី២។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបង្ហាញការជឿជាក់ថា តាមរយៈកិច្ចប្រឹងប្រែង និងភាពខ្លាំងរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ នឹងមានក្រុមហ៊ុនអន្តរជាតិ កាន់តែច្រើនអាចសម្រេចបាននូវការអភិវឌ្ឈឆ្ពោះទៅមុខ និងជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាផងដែរ៕