(សៀមរាប)៖ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន ៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង។
ក្នុងពេលទទួលថ្មបុរាណទាំងបីដុំនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈូក សុម៉ាឡា បុរាណវិទូ និងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ថ្មទាំងបីដុំនេះជាប្រភេទថ្មភក់ទាំងអស់។ ថ្មពីរដុំជាចម្លាក់ព្រះពុទ្ធរូបដែលឆ្លាក់មិនទាន់ហើយ និងមួយដុំទៀតជាចម្លាក់ខឿនប្រាសាទមានលម្អដោយក្បាច់ផង។ វត្ថុទាំងបីនេះនឹងយកទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាសុវត្ថិភាព ចុះលេខបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ សិក្សាស្រាវជ្រាវពីប្រភព ដុសសម្អាត និងទុកជាប្រយោជន៍សម្រាប់កិច្ចការផ្សេងៗ។
ទាក់ទងនឹងការស្ម័គ្រព្រះទ័យប្រគល់វត្ថុបុរាណទាំងបីជូនអាជ្ញាធរជាតិអប្សរា ព្រះតេជគុណ តាត មហាទី មានសង្ឃដីកាថា នេះជាការរួមចំណែកជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរក្សាវត្ថុបុរាណទុកជាសម្បត្តិជាតិ ការពារសុវត្ថិភាព និងការស្រាវជ្រាវចំពោះវត្ថុបុរាណដែលនៅរ៉ាយប៉ាយឱ្យមានសណ្តាប់ធ្នាប់ ចៀសផុតពីការជួញដូរ ឬការធ្វើឱ្យខូចខាតដោយប្រការផ្សេងៗព្រោះការពុំយល់ដឹង។
ព្រះអង្គក៏បានបញ្ជាក់ពីប្រភពថ្មទាំងបីដែរថា ចំពោះថ្មពីរដុំដែលពុំមានរូបរាងច្បាស់លាស់នោះ គឺស្រង់បានពេលស្តារស្ទឹងសៀមរាប។ ចំណែកចម្លាក់ខឿនប្រាសាទមួយផ្ទាំងនោះគឺស្ថិតក្នុងចំនួន ១០ ដុំផ្សេងគ្នា ដែលយកមកពីវត្តពោធិ៍លង្កា ហើយត្រូវបានគេយកទៅប្រើសម្រាប់សំលៀងកាំបិត តែព្រះអង្គបានសុំរក្សាទុក និងមួយចំនួនរក្សាទុកក្រោមបល្ល័ង្កព្រះ បើរដ្ឋការត្រូវការពេលណា ព្រះអង្គនឹងស្ម័គ្រព្រះទ័យក្នុងការប្រគល់ជូនដោយរីករាយ៕