(សៀមរាប)៖ បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្ត បានប្រែមុខមាត់ជាខ្លាំង ដែលលម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្រិតស្តង់ដាអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុង នាពាក់កណ្តាលឆ្នាំ២០២១ ខាងមុខ។
លោកស្រី ហូ សិលា ជាបុគ្គលិកបម្រើការងារផ្នែករៀបចំសួនបានឱ្យដឹងថា មិនដល់មួយឆ្នាំផង មុខប្រាសាទអង្គរបានប្រែជាស្រស់បំព្រងដោយព្រៃឈើ ផ្កា និងស្មៅខៀវស្រងាត់ ឃើញហើយស្រស់ថ្លាចិត្ត បាត់អស់ភាពនឿយហត់ក្នុងការបំពេញការងារ។
ដូចគ្នានេះដែរលោកស្រី ជួន ស្រីមុំ បានរៀបរាប់ថា ភ្ញៀវទេសចរដែលមកទស្សនាអង្គររយៈពេលចុងក្រោយ នឹងលាន់មាត់សរសើរពីសោភ័ណភាពដ៏ស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អ នៅអង្គរមិនខាន។ លោកស្រីក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលយកចិត្តទុកដាក់ និងខិតខំកែលម្អបរិវេណមុខប្រាសាទអង្គរវត្តឱ្យកាន់តែល្អប្រសើរឡើង។
ក្នុងនាមជាអ្នកបំពេញការងាររៀបចំសួនមុខបរិវេណមុខប្រាសាទអង្គរវត្តលោកស្រី ហូ សិលា និងលោកស្រី ជួន ស្រីមុំ បានអំពាវនាវឱ្យភ្ញៀវទេសចរដែលមកទស្សនានៅអង្គរថែរក្សាបរិស្ថាន មានអនាម័យ ចោលសំរាមក្នុងធុងសំរាមជានិច្ច ព្រោះបើគ្មានការចូលរួមពីសាធារណជនទេ ក៏មិនអាចរក្សាបរិស្ថានឱ្យនៅតែស្រស់ស្អាតបានដែរ។
លោក ពៅ ស៉ីណិត បុគ្គលិបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែលដឹកនាំរៀបចំសួននៅមុខបរិវេណប្រាសាទអង្គរវត្ត បានឱ្យដឹងថា នៅផ្លូវចូលមុខបរិវេណប្រាសាទអង្គរវត្តនេះមានដាំប្រភេទដើមផ្កាឆ្អឹងមាន់ខ្មៅ ផ្កាស្លឹកក្រហម និងស្មៅជើងទា ស្មៅជើងក្រាស់ដែលធន់ សាកសមដាំនៅទីនេះដែលមានមនុស្សដើរទៅមក។
ក្រៅពីនេះ ក្រុមការងារក៏កាត់ក្រីមែកឈើ ដកហូតដើមឈើដែលមានហានិភ័យចេញ ដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងដាំដើមឈើបន្តវេនមានដូចជាដើមធ្នង់ ដើមក្ងោក ដើមនាងនួន ដើមបេង ដើមគគីជាដើម៕