(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំអំណោយមនុស្សធម៌ របស់កាកបទក្រហម ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានចំនួន១១៩គ្រួសារ។
ក្នុងឱកាសនោះដែរលោក វ៉ី សំណាង បានសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាឍពលរដ្ឋដែលជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងដោយ ក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត។
លោកអភិបាលបានបន្តថា បើទោះបីជាអំណោយនេះពុំអាចជួយឱ្យបងប្អូនក្លាយជាអ្នកមានបាន ក៏ដោយចុះក៏សម្ភារទាំងអស់នេះអាចជួយដោះទុក្ខលំបាក បានមួយរយៈខ្លី ដើម្បីផ្ដល់ឱកាសឱ្យបងប្អូន អាចរករបរចិញ្ចឹមជីវិតបន្ថែមបានផងដែរ។
លោក វ៉ី សំណាង បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការពារខ្លួនពីជំងឺកូវីដ-១៩ កុំឱ្យមានមេរោគមួយនេះចូលនៅក្នុងសហគមន៍ ឬភូមិឋានដែលបងប្អូនកំពុងនៅរស់នៅឱ្យសោះ ហើយត្រូវមានអនាម័យ ក្រោយទឹកស្រកទៅវិញ សូមឱ្យបងប្អូនខិតខំដាំដំណាំរួមផ្សំ ដើម្បីលើកកម្ពស់ជីភាពរស់នៅ។ ជាពិសេស ត្រូវចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលរាជរដ្ឋាភិបាល កំពុងមានការព្រួយបារម្ភ និងត្រូវចូលរួមធ្វើយ៉ាងណាឱ្យភូមិ ឃុំមានសុវត្ថិភាពផងដែរ។
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង១១៩គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ, ត្រីខ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ភួយ និងថវិកាផងដែរ៕