(បន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារចែកម៉ាស និងផ្សព្វផ្សាយ ណែនាំអំពីវិធានការការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅក្នុងស្រុកថ្មពួក។
ក្នុងពិធីចែកម៉ាស និងផ្សព្វផ្សាយពីវិធានការសុខាភិបាលនេះដែរ លោក គឹង វណ្ណៈ បានថ្លែងថា ការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នេះ វាមានសារសំខាន់ណាស់ព្រោះជំងឺនេះ វាអាចឆ្លងតាមគ្រប់ រូបភាព និងស្ថានភាពផ្សេងៗ។ ក្នុងនោះមានការតម្រូវឱ្យបាញ់កំដៅ ឃុំខ្លួននៅក្នុងផ្ទះឱ្យបានរយៈពេល ១៤ថ្ងៃ លាងសម្អាតដៃនឹងទឹក ទឹកសាប៊ូ ទឹកអាល់កុល និងជេលជាដើម ហើយជួបគ្នា ត្រូវលើកដៃសំពះគ្នា ឬលើកដៃជាសញ្ញា ចៀសវាងចាប់ដៃព្រោះបារម្ភចម្លងមេរោគនេះផងដែរ។
លោកបានបន្តថា ជំងឺកូវីដ-១៩នេះ គឺជាជំងឺដ៏កាចសាហាវ ហើយនៅតែបន្តវាយលុកយ៉ាងខ្លាំង លើពិភពលោកដេលធ្វើមនុស្សជាតិ កើតជំងឺនេះស្លាប់ និងមានអ្នកឆ្លងរាប់លាននាក់ ក្នុងពិភពលោក ហើយរហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានថ្នាំអាចព្យាបាលជំងឺនេះបាននៅឡើយ ដូច្នេះយើងទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដនេះឱ្យបានគ្រប់គ្នា ដោយមន្ត្រីជំនាញ ក្នុងមូលដ្ឋានបង្រៀនដល់ប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់អាល់កុលលាងដៃ និងការប្រើប្រាស់ម៉ាសឱ្យបានគ្រប់ៗគ្នា។
លោកបានបញ្ជាក់ថា គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រសួងសុខាភិបាល ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង ចូលរួមបង្ការ និងទប់ស្កាត់ជំងឺនេះទាំងអស់គ្នា៕