(ស្ទឹងត្រែង)៖ ដើម្បីចូលរួមលើកកម្ពស់ការអប់រំ និងការយល់ដឹងរបស់កុមារ និងក្មេងស្រីនៅតាមទីជនបទដាច់ស្រយោលឱ្យកាន់តែមានការយល់ដឹង និងមានភាពស្មើលើការសម្រេចចិត្ត អង្គការផ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់នៃកំលុងការរាត្បាតកូវីដ-១៩ និងសុវត្ថិភាពក្មេងស្រី នៅលើបណ្តាញ Internet។
វេទិកានេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិប្រចាំខេត្តស្ទឹងត្រែង របស់អង្គការផ្លែនអន្តរជាតិកម្ពុជា និងមានការចូលរួមពីសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងអ្នកដែលមានការពាក់ព័ន្ធចំនួន ៦០នាក់ វេទិកានេះធ្វើឡើងនៅសាលប្រជុំមន្ទីអបរំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។
បើតាមលោក ផែន ប៊ុនធឿន បានឱ្យដឹងថា វេទិកានេះធ្វើឡើងដើម្បីអបអរសាទរ ទិវាក្មេងស្រីអន្តរជាតិ ១១ តុលា និងដើម្បីសិក្សាស្វែងយល់អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះសហគមន៍ជនបទ និងបញ្ហាជួបប្រទះសម្រាប់ការសិក្សារបស់សិស្សានុសិស្ស កុមារ ជាពិសេសក្មេងស្រី នៅតាមសហគមន៍ជនបទ ក្នុងរៀនតាមបណ្តាញ Internet ឬអនឡាញ។
លោកបានបន្តថា ក្នុងបរិបថជំងឺកូវីដ-១៩ អង្គការផ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយអង្គការឃែ ចុះធ្វើការសិក្សាលើសហគមន៍ជនបទ ជាពិសេសក្មេងស្រីអំពីផលលំបាកនៃការសិក្សា អំពីការសម្រេចចិត្ត អំពើហិង្សា និងការបោះបង់ការសិក្សារបស់ក្មេងស្រី ព្រមទាំងពិភាក្សា និងសហកាជាមួយអាជ្ញារធរពាក់ព័ន្ធស្វែងរកនូវដំណោះស្រាយមួយល្អប្រសើរដល់ពួកគាត់។
លោកស្រី ទី ធីតា បានលើកឡើងថា ក្នុងអំឡុងនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានបិទសាលារៀនមុនកាលកំណត ប៉ុន្តែក្រសួងក៏បានយកចិត្តទុកដាក់ និងសហការជាមួយក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានការបង្រៀន នៅតាមបញ្ជក់ទូរទស្សន៍ តាមបណ្តាញអិនធើណែត ទំព័រហ្វេប៊ុក ឬ Online ជាដើម ដើម្បីបញ្ជៀសការជួបជុំជៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះលោកស្រី បានទទួលស្គាល់ថា ក្នុងបរិបទកូវីដ-១៩នេះ នៅមានសិស្សានុសិស្សកុមារ និងក្មេងស្រីមួយចំនួននៅតាមសហគមន៍ជនបទ នៅមានផលលំបាកក្នុងការសិក្សាររៀនសូត្រ ដោយសារជាសហគមន៍ដាច់ស្រយោលមិនមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់។
លោកស្រី ទី ធីតា បានបន្ថែមថា នៅក្នុងដំណាក់កាលទី២ នៃប្រព័ន្ធអប់រំកំលុងកូវីដ-១៩ យើងមានការសិក្សាពេញលេញនៅក្នុងក្រុងស្ទឹងត្រែង ប៉ុន្តែតាមបណ្តាស្រុក៥ទៀត នៃខេត្តស្ទឹងត្រែង បានរៀបចំឱ្យរៀនតាមលំដាប់ដោយមានបង្រៀង ៣ថ្ងៃ និង២ថ្ងៃ ដោយបង្រៀនឆ្លាស់គ្នា មានន័យថាកុមាររៀននៅក្នុងសាលា តែមិនឱ្យលើសពី ២០នាក់ បើសិស្សច្រើនត្រូវបែងចែកជា២ក្រុម ឬ៣ក្រុម និងនៅតែរក្សាគម្លាតគ្នា ដើម្បីចូលរួមទប់ស្កាត់ឆ្លងជំងឺ។
លោកស្រីក៏បានលើកទឹកចិត្ត និងអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស បញ្ជូនកុមារគ្រប់អាយុសិក្សាឱ្យចូលរៀន និងជួយជំរុញកូនៗ សិស្សានុសិស្សបន្តការសិក្សារហូតបានបញ្ជប់ដោយមិនត្រូវបោះបង់ការសិក្សា និងសូមចូលលុបបំបាត់ការបោះបង់ការសិក្សារបស់កុមារ និងក្មេងស្រី៕