(បន្ទាយមានជ័យ)៖ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះពិនិត្យពីការអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់រដ្ឋបាលក្រុង-ស្រុក-ខ័ណ្ឌ ក្នុងខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏បានការចូលួមពីសំណាក់លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុ រាត្រី អភិបាលខេត្ត នឹងមានការចូលរួមពីសំណាក់លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង លោក-លោកស្រី អភិបាលរងក្រុង មន្ត្រីរាជការ ការិយាល័យចំណុះសាលាក្រុងបានចូលរួមផងដែរ ធ្វើឡើងនៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ។
លោក ប្រាក់ សំអឿន បានថ្លែងថា ការចុះពិនិត្យពីការអនុវត្តតួនាទី ភារកិច្ច និងមុខងារក្រុង-ស្រុក-ខ័ណ្ឌ គឺដើម្បីជាស្វែងយល់ពីការអនុវត្ត តួនាទី ភារកិច្ច របស់រដ្ឋបាលក្រុង ក្រោយមានការកែ សម្រួលរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការការកែតម្រូវនៅចំនុចខ្វះខាតដែលកើតមាននៅក្នុងអង្គភាពរដ្ឋបាលថ្នាក់ក្រុង-ស្រុក-ខ័ណ្ឌ ធ្វើយ៉ាងណាឱ្យដំណើរការអនុវត្តការងារ បានរលូនប្រកបដោយប្រសិទ្ធភាព។
លើសពីនេះ លោកក៏បានជំរុញណែនាំបន្ថែម ដល់រដ្ឋបាលក្រុង-ស្រុក ត្រូវធ្វើយ៉ាងណាអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើររាល់ការបម្រើសេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ។
លោក ប្រាក់ សំអឿន បានបញ្ជាក់ថា ពិតណាស់ការកែសម្រួលរចនាសម្ព័ន្ធនាពេលកន្លែងទៅមន្ត្រីជិត ២ម៉ឺននាក់ ត្រូវបានធ្វើកែសម្រួលមកឲ្យរដ្ឋបាលក្រុង-ស្រុក-ខ័ណ្ឌ ជាអ្នកគ្រប់គ្រង ដោយការដាក់ឱ្យដំណើររចនាសម្ព័ន្ធថ្មីមានជាង៥០សម្រាប់អនុវត្តមុខងារ។
ជាមួយគ្នាននេះ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុងសិរីសោ័ណ ដែលបានខិតខំបំពេញអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងចាំបាច់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០នេះ គឺជាការចាប់ផ្ដើមអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំតួនាទីភារកិច្ចមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មីរដ្ឋបាលក្រុង ស្រុក ខណ្ឌ សំដៅធានាដល់ការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕