(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានព្រឹទ្ធសភាអនុម័តគាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានសំឡេងគាំទ្រ ៥២លើ៥២សំឡេង។
សម័យប្រជុំនេះ បានដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥២រូប។ ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មានការដឹកនាំឡើងការពារដោយ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនផងដែរ។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទទួលយក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ហើយត្រូវបានរដ្ឋសភាពេញអង្គ អនុម័តទាំងស្រុង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានសំឡេងគាំទ្រ ១១៦ លើ ១១៦ សំឡេង។
ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះហត្ថលេខា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម រយៈពេល២ថ្ងៃ។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតមកដល់ពេលនេះ មានខេត្តកម្ពុជាចំនួន៣ហើយ ត្រូវបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែន ក្នុងចំណោមខេត្តទាំង៩ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ ខេត្តទាំង៣ ដែលបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងនេះ មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ខណៈដែលខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ។
កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤ភាគរយហើយ៕