(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមនដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ អាំង សិរីពិសិដ្ឋ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធាន ការិយាល័យខណ្ឌ មន្ត្រីខណ្ឌ សង្កាត់ផ្សារដើមថ្កូវ និងលោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បាននាំយកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះចែកដោយផ្ទាល់តាមខ្នងផ្ទះជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ក្រីក្រក្នុងសង្កាត់ផ្សារដើមថ្កូវ និងចែកជូនដល់អាជីវករលក់ដូរនៅក្នុងផ្សារទួលទំពូង នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក ថេង សុថុល បានថ្លែងថា ការចុះចែកម៉ាសនេះ បានធ្វើឡើងបន្ទាប់ពីមានការបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន ឲ្យក្រសួងសុខាភិបាលបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លានម៉ាស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ នេះគឺជាប្រភេទម៉ាសសាច់ ក្រណាត់ ដែលអាចបោកទឹកបាន និងប្រើប្រាស់បានយូរ ហើយការចែកជូននេះ ប្រជាពលរដ្ឋម្នាក់ ទទួលបានម៉ាស២ សំរាប់ពាក់ផ្លាស់ប្តូរ។
នៅក្នុងឱកាសចុះចែកម៉ាសជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ផ្សារដើមថ្កូវ លោកអភិបាលខណ្ឌ បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការសម្អាត អនាម័យបរិស្ថាន ដែលខ្លួនរស់នៅ និងចូលរួមបង្ការ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដោយត្រូវសម្អាតដៃឲ្យបានជាប់ ជាប្រចាំជាមួយទឹកសាប៊ូ អាល់កុល ឬជែល, ពេលចេញដើរទៅណាមកណា ត្រូវពាក់ម៉ាសជានិច្ច ជាពិសេសនោះ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីគ្នា និងត្រូវកាត់បន្ថយរាល់ការជួបជុំណា ដែលមានមនុស្សច្រើន ឬក៏ដើរកំសាន្តតាមទីសាធារណៈផ្សេងៗ។
ដោយឡែក ក្នុងឱកាសចុះចែកម៉ាស ជូនអាជីវករក្នុងផ្សារទួលទំពូងលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងលោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានប្រាប់អាជីវករក្នុងផ្សារថា៖ ម៉ាសនេះ គឺចែកជូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារគ្រប់គ្នា ព្រោះសម្តេចតេជោ តាមរយៈសាលារាជធានីភ្នំពេញ នឹងបន្តផ្តល់ជូនមកទៀត មិនឱ្យខ្វះទេ។
លោកអភិលរងខណ្ឌបានបន្តថា៖ ការផ្តល់ជូនម៉ាសនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនអោយឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។
ឆ្លៀតនៅក្នុងឱកាសចែកជូនម៉ាស់នេះ, លោកអភិបាលរងខណ្ឌ និងលោកប្រធានផ្សារទួលទំពូង ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យខ្លួនប្រាណ, លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល ឱ្យបានញឹកញាប់, ពាក់ម៉ាស់ការពារឲ្យបានជាប់ជាប្រចាំ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមសហគមន៍ នៅរាជធានីភ្នំពេញ។
ប្រមុខដឹកនាំកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕