(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជូន ណារិន្ទ បានបញ្ជាក់មុននេះថា ក្មេងស្រីដែលត្រូវជនបរទេស ចាប់ជំរិតដាក់តាមរថយន្តនោះ បានរកឃើញហើយ នៅចំណុចអូរត្រាវ ស្រុកព្រៃនប់ នៅល្ងាចថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្រោយពីកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការ កាក់តាមផ្លូវមកនោះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ក្មេងស្រីនោះយើងរកឃើញវិញហើយ បន្ទាប់ពី ជនល្មើសមិនអាចរត់គេចចេញពី ខេត្តព្រះសីហនុ ដោយកំលាំងយើងបើកការហ៊ុព័ទ្ធ ហើយកាក់ត្រួតពីនិត្យគ្រប់រថយន្ត សង្ស័យធ្វើឲ្យពួកវាទំលាក់ក្មេងចោលនៅអូរត្រាវ»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការអភ័យទោសចំពោះការរំខានក្នុងការកាក់រថយន្តត្រួតពិនិត្យ តាមដងផ្លូវ ពីសំណាក់ក្រុមភ្ញៀវជាតិ និងអន្តរជាតិដែលឆ្លងកាត់។
សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើមមួយបានកើតឡើង ស្ថិតនៅចំណុចផ្លូវកែង មណ្ឌលកុមារកំព្រាអរុណរះ ក្នងភូមិស្មាច់ដែង ឃំុរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រមាណ១១:៤៥នាទី ព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ ដោយសារក្មេងស្រីសិស្សសាលាម្នាក់អាយុ៩ឆ្នាំ ត្រូវបានជនបរទេសមួយក្រុម ចាប់ជំរិតដឹកតាមរថយន្តយកទៅបាត់ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ថា «ព័ត៌មានខាងលើយើងទើបតែទទួលបាននៅវេលាម៉ោងប្រមាណ២:០៥នាទីរសៀលថ្ងៃនេះ ហើយខ្ញុំបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ភ្លាមៗ និងដេញស្ទាក់តាមគោលដៅ នានាយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនបរទេសទាំងនោះ»។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ព័ត័មានជាជំហានដំបូង នៅវេលាម៉ោងកើតហេតុនោះ មានរថយន្ត១គ្រឿង ម៉ាកLexus 470 ពណ៌ស មិនចាំផ្លាកលេខបេីកបរដោយជនបរទេស បានបេីកក្រវិលចុះឡេីង ហេីយឈប់នៅក្បែរក្មេងៗ៣នាក់ ដែលដេីរចេញពីសាលារៀន ។
ជនបរទេសនោះបាន ហុចសៀវភៅតុក្តាឲ្យមេីល រួចចុះពីរថយន្តចាប់ក្មេងស្រីម្នាក់ឈ្មោះ ហេង ស្រីកា អាយុ៩ឆ្នាំ ដាក់ក្នុងរថយន្តធ្វេីដំណេីរទៅតាមផ្លូវជាតិ៤ មិនដឹងទៅទីណា ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ហេង ស្រីកា មានទីលំនៅភូមិស្មាច់ដែង ឃំុរាម ស្រុកព្រៃនប់៕