(សៀមរាប)៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ ធ្វើយុទ្ធនាការផ្សព្វផ្សាយការលើកកម្ពស់សិទ្ធិ ជនមានពិការភាពយ៉ាងសកម្មនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅក្នុងខេត្តសៀមរាប ដោយមានការរៀបចំ ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប។
ជាការឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាព នៅក្នុងស្ថានភាពកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារជម្ងីកូវីដ-១៩ ជូនទៅដល់គ្រួសារដែលមានបណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) ប្រមាណជាង ៥៦ម៉ឺនគ្រួសារ ដែលត្រូវចំណាយថវិកាជាតិប្រមាណ ២៥លានដុល្លារ ក្នុងមួយខែ ក្នុងនោះជនមានពិការភាពចំនួន ១០០,៨៤៤នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៥១,៧៨២នាក់ក៏ទទួលបានប្រាក់ឧបត្ថមនេះផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានអំពាវនាវដល់ជនមានពិការភាព ត្រូវរក្សាការធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍។ ក្នុងពេលដំណាលគ្នានេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក យុន ឈុន្នី បានរំលឹកអំពីការរក្សាគម្លាតសង្គម រាល់ការរៀបចំកិច្ចប្រជុំនិងការប្រាស្រ័យ ទាក់ទងគ្នាផងដែរ។
លោក ឯម ច័ន្ទមករា បានថ្លែងក្នុងឱកាសបើកសិក្ខាសាលានៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នា ក្នុងសង្គមដែលមានការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការ ធ្វើបរិយាបន្នពិការភាព ក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។
យើងមានបេសកកម្មរួមគ្នាមួយគឺ ជំរុញការចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាលនានា រួមទាំងជនមានពិការភាពដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួនឈាន ទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព។ នេះបើតាមទស្សនៈរបស់លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា។
ជារឿយៗ ក្រុមប្រឹក្សាសកម្មភាពជនពិការតែងបានធ្វើយុទ្ធសាស្ត្រចុះផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ រូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនៅទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ក្នុងគោលបំណងជំរុញការអនុវត្តផែននេះឱ្យមានស័ក្កសិទ្ធភាព ឆ្លើយតបតម្រូវការរបស់ជនមានពិការភាព និងស្របតាមចក្ខុវិស័យរួមគឺ «ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អនិងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាព គ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍន៍»។
ថ្លែងក្នុងសិក្ខាសាលានេះដែរ លោក យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថា ការជំរុញធ្វើបរិយាប័ន្នពិការភាព ទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ ក្រសួង រដ្ឋបាល រាជធានី ខេត្ត ស្ថាប័ន ដើម្បីឈានទៅសម្រេចបាន គុណភាពជីវិត របស់ជនមានពិការភាពប្រកបដោយចីរភាពគឺជាគោលបំណងសំខាន់របស់ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ដែលថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជាតិ ដោយបន្តប្តេជ្ញាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ពោលសូមអរគុណសន្តិភាព។
លោក យុន ឈុន្នី ថា ដើម្បីធានាដល់ការធ្វើបរិយាបន្ននិងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ ទម្រង់កេងប្រវ័ញនិងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណាឱ្យជនមានពិការភាពកាន់តែទទួលបានការគាំទ្រពីសង្គម បង្កើនគុណភាព ជីវិតឱ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) «មិនមាននរណាម្នាក់ ត្រូវបានបំភ្លេច »៕