(កំពង់ចាម)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានចែកជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលជួបការលំបាកចំនួន៣០០គ្រួសា មកពីស្រុក-ក្រុងចំនួន៣ រួមមាន៖ ក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ។
អំណោយជាគ្រឿងឧភោគ បរិភោគ ដែលនាំយកមកចែកជូនប្រជាពលរដ្ឋទាំង ៣០០គ្រួសារនាពេលនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០ គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ សំលៀកបំពាក់ ២សម្រាប់ និងថវិកា ៥ម៉ឺនរៀល។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងទ្វេរតែងតែគិតគូជានិច្ចអំពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះផងដែរ ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នជាប្រចាំ ក្នុងការបង្ការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ដោយគោរពទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឱ្យជំងឺនេះឆ្លងចូលក្នុងគ្រួសារ និងក្នុងសហគមន៍ផងដែរ។
គួរកត់សម្គាល់ផងដែរថា គ្រួសារដែលជួបការលំបាក និងមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីកន្លងទៅនេះ និងគ្រួសារអតីតយុទ្ធជន ដែលមកទទួលអំណោយបានបង្ហាញទឹកមុខ ក្នុងអារម្មណ៍សប្បាយរីករាយ និងគាំទ្រចំពោះអាជ្ញាធរដែលបាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន យកមកជួយសង្គ្រោះមានទាំងសម្ភារ និងគ្រឿងឧបភោគ បរិភោគ រួមនិងថវិកាបានធ្វើឱ្យជីវភាពរបស់ពួកគាត់ធូស្រាលមួយគ្រាក្នុងពេលជួបការលំបាកនេះ៕